(ភ្នំពេញ)៖ បើតាមប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA) លោក ហ្វូមីអូ យ៉ាម៉ាដា បានបញ្ជាក់ថា រយៈពេល៣ខែទៀត អង្គការដ៏ធំមួយនេះនឹងនាំសមាជិករបស់ខ្លួន ដែលជាអ្នកវិនិយោគធំៗនៅប្រទេសជប៉ុន មកវិនិយោគបន្ថែមទៀត លើផ្នែកឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក យ៉ាម៉ាដា ត្រូវបានធ្វើឡើងក្នុងឱកាសលោកជួបពិភាក្សាជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទីទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

ក្រោយបញ្ចប់ជំនួប លោក អ៉ិត សំហេង បានឲ្យដឹងថា អង្គការ JCIA ជាដៃគូរបស់កម្ពុជាជាង២០ឆ្នាំមកហើយ ដែលបានរួមចំណែកយ៉ាងច្រើនលើការអភិវឌ្ឍជនពិការ និងជនក្រីក្រឲ្យទទួលបានការបណ្តុះបណ្តាល និងឱកាសការងារ-មុខរបរបានយ៉ាងច្រើន នៅក្នុងមជ្ឈមណ្ឌលពោធិ៍សែនជ័យ និងគម្រោងមួយទៀតលើការបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។

លោកថា ប្រធានអង្គការជប៉ុនរូបនេះ បានបង្ហាញភាពរីករាយដែលអង្គការរបស់ខ្លួន ទទួលបានការជួយជ្រោមជ្រែង និងទំនុកបម្រុងពីខាងក្រសួងការងារ និងក្រសួងសង្គមកិច្ចកម្ពុជាផងដែរ ទើបមកដល់ពេលនេះ អង្គការ JCIA បានក្លាយទៅជាទីភ្នាក់ងារមួយ ដែលបានបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅជប៉ុន។ លោកថា គម្រោងបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅបម្រើការងារនៅប្រទេសជប៉ុននេះ ត្រូវបានបញ្ចប់ហើយ ហើយខាងអង្គការ JCIA ក៏បានបង្ហាញគោលបំណងចង់បន្តគម្រោងនេះទៀតផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះអង្គការ JCIA ដែលបានអនុវត្តការងារកន្លងមក និងសូមស្វាគមន៍នូវការបន្តគម្រោងថ្មីនេះទៀត ប៉ុន្តែខាងអង្គការ JCIA ត្រូវរៀបចំនូវឯកសាមួយចំនួន ដើម្បីឲ្យស្របទៅនឹងបទប្បញ្ញតិ្តច្បាប់។

លោករដ្ឋមន្ត្រីបានបន្ថែមថា «អង្គការ JCIA គឺជាដៃគូដ៏ល្អរបស់កម្ពុជា ដែលបានប្រមូលផ្តុំនូវអ្នកវិនិយោគជប៉ុនយ៉ាងច្រើនចូលមកអភិវឌ្ឍន៍នូវគម្រោងផ្សេងៗនៅកម្ពុជា។ ម្យ៉ាងវិញទៀត នាពេល៣ខែខាងមុខនេះ អង្គការ CJIA នឹងនាំសមាជិករបស់ខ្លួនដែលជាអ្នកវិនិយោគធំៗ មកវិនិយោគបន្ថែមទៀតលើផ្នែកឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជា»

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានកោតសរសើរផងដែរ ចំពោះលោក យ៉ាម៉ាដា ប្រធានមជ្ឈមណ្ឌលពោធិ៍សែនជ័យ ដែលបានបង្កើតគម្រោងបានយ៉ាងល្អ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទៅធ្វើការនៅប្រទេសជប៉ុនកន្លងមកនេះ ហើយក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ពាក់ព័ន្ធទៅនឹងគម្រោងនៃការបណ្តុះបណ្តាល៕