(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថ្មីរបស់ថៃ ប្រចាំនៅកម្ពុជា បានថ្លែង បេសកកម្មការទូតរបស់លោកមកកាន់កម្ពុជា គឺធ្វើយ៉ាងណាពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ពង្រឹងនូវសុខសន្តិភាព។ ជាពិសេសទំនាក់ទំនង នៃការរស់នៅរវាងប្រជាជនឲ្យមានភាពជិតស្និទ្ធថែមទៀត។
លោកឯកអគ្គរាជទូត បានជម្រាបសម្តេចនាយករដ្ឋមន្ត្រីថា រូបលោកបានជួបពិភាក្សាការងាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងរកចំណុចរួមក្នុងការជំរុញឲ្យវិស័យទេសចរណ៍រវាងប្រទេសទាំងពីរមានកំណើន តាមរយៈការធ្វើដំណើរទស្សនកិច្ចរវាងកម្ពុជា និងថៃ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះការតែងតាំងលោក បញ្ញយ៉ារ៉ាក់ ពុលថាប់ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃ ប្រចាំនៅកម្ពុជា។
សម្តេចតេជោ បានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ដែលមាននៅពេលនេះ ដោយទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ហើយកម្លាំងទិញរបស់កម្ពុជា ក៏មានធំផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងទៀតថា ផ្លូវដែករវាងប្រទេសទាំងពីរ ត្រូវបានតភ្ជាប់ហើយ ដូចនេះប្រទេសទាំងពីរគប្បីពិនិត្យមើលបន្ថែមទៀត លើសក្តានុពលដែលមានស្រាប់ និងមិនទាន់មាន ដែលអាចជំរុញលើវិស័យទេសចរណ៍ផង និងជំរុញការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ចផង៕