(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ទោះជារាជរដ្ឋាភិបាលខិតខំថែមថវិកាជាតិ ក្នុងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍យ៉ាងណា ក៏ដោយក៏កម្ពុជា នៅតែត្រូវការជំនួយហិរញ្ញវត្ថុ ពីខាងក្រៅប្រទេសតទៅទៀត។ លោកទេសរដ្ឋមន្រ្តីក៏បានថ្លែងស្វាគមន៍ ជំនួយទាំងអស់ពីប្រទេស និងអង្គការជាមិត្ត។
ការថ្លែងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺក្នុងឱកាសដែលលោក បានទទួលជួបពិភាក្សាការងារ ជាមួយលោក Eamonn Murphy នាយកអង្គការយូអិនអេដស៍ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Director of UNAIDS Regional Support Team Asia, Pacific) នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បើទោះជាកម្ពុជា បានសម្រេចជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយសម្រេចបានគោលដៅ៩០-៩០-៩០ មុនកាលកំណត់ក៏ដោយ ក៏កិច្ចការជាច្រើនទៀត ដែលត្រូវជំនះ និងសម្របសម្រួលបន្តទៀត ដូចជា៖ (១)ការគៀងគរមូលនិធិ ក្នុងប្រទេសនៅគ្រាដែលជំនួយ ពីក្រៅប្រទេស សម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់, (២)បន្តចីរភាពសេវាបង្ការចម្លងមេរោគអេដស៍ សេវាការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ សំរាប់ប្រជាជនប្រឈមមុខខ្ពស់, (៣)បន្តសមាហរណកម្មសេវាប្រយុទ្ធ ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ រួមទាំងជំរុញឲ្យមានការចូលរួម ចំណែកពីសង្គមស៊ីវិល ដើម្បីឈានទៅការបញ្ចប់ការឆ្លងរាលដាល ជំងឺដ៏កាចសាហាវនេះ នៅឆ្នាំ២០២៥តាមគោលដៅ ដែលបានកំណត់។
លោកទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសំដែងអំណរគុណ ចំពោះដៃគូទាំងអស់ ដែលបានសហការ យ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជា ។ លោកប្រធានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការបញ្រ្ជាបការងារ ប្រយុទ្ធនឹងជំងឺអេដស៍ឲ្យបានដល់មូលដ្ឋាន ក្នុងការបញ្ចូលកម្មវិធីប្រយុទ្ធ នឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងចលនាឲ្យអ្នកផ្ទុកមេរោគអេដស៍ អាចទទួលអត្តសញ្ញាណប័ណ្ណជនក្រីក្រ ដែលអាចទទួលការគាំទ្រ តាមរយៈមូលនិធិសមធ៌ម។ ជាមួយគ្នានោះ ក្រសួងស្ថាប័ន មន្ទីរ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិករបស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានខិតខំរកថវិកាផ្ទាល់របស់ខ្លួន ដើម្បីអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យបានជោគជ័យតទៅទៀត។
លោកនាយកតំបន់អាស៊ីបាស៊ីហ្វិក នៃអង្គការយូអិនអេដស៍ បានថ្លែងគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលយកម្មវិធី ប្រយុទ្ធនឹងជំងឺអេដស៍ជាកម្មវិធីគំរូដ៏ល្អមួយ សម្រាប់ប្រទេសឯទៀត អនុវត្តតាម។ លោកនាយកស្នើសុំលោកទេសរដ្ឋមន្រ្តី ធ្វើជាប្រធានអង្គប្រជុំ ថ្នាក់តំបន់មួយនៅពេលខាងមុខ ដើម្បីចែករំលែកបទពិសោធន៍ដ៏ល្អ របស់ព្រះរាជាណាចក្រកម្ពុជានេះ។
លោកនាយកអង្គការយូអិនអេដស៍ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគអេដស៍ នៅកម្ពុជា ក៏ដូចជាបានចូលរួមចំណែក ក្នុងតំបន់។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសំរាប់កិច្ចគាំទ្រ របស់អង្គការសហប្រជាជាតិ ជួយព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការប្រយុទ្ធ និងឆ្លើយតប ទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ ក្នុងពេលកន្លងមក។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំជំនួយបច្ចេកទេស ពីអង្គការយូអិនអេដស៍ ដើម្បីជួយអាជ្ញាធរជាតិ ចងក្រងឯកសារណែនាំ ស្តីពីការប្រុងប្រយ័ត្ន និងបង្ការមេរោគអេដស៍ជាសាកល ដើម្បីអនុវត្តបង្ការកាចម្លងមេរោគអេដស៍ជាសាកល នៅតាមសេវាកម្មធ្វើកែសម្ផស្ស ក្រចក កាត់សក់ ចាក់សាក់ ជាដើម៕