(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានបើក​ប្រតិបត្តិការបង្ក្រាបរថយន្ដ ដឹកសត្វព្រៃ​១គ្រឿង ដោយដកហូត សត្វស្វាចំនួន៦ក្បាល និងពស់ថ្លាន់ចំនួន១ក្បាល នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច​ភូមិរលូច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អ៊ឹម យុគន្ធរ មេបញ្ជាការងអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងដា រថយន្ដដឹកសត្វព្រៃមួយគ្រឿងនោះ ម៉ាកហាយឡែនឌឹ ដឹកសត្វព្រៃមកពីប៉ែកខាងលើ​ខេត្តក្រចេះ ហើយក្រោយកម្លាំង​អាវុធហត្ថ ទទួលព័ត៌មានពី​ប្រជាពលរដ្ឋថា រថយន្ដមួយគ្រឿងនោះ ដឹកសត្វព្រៃបំរុងលោតឆត្រ័ទៅវៀតណាម។

បើតាមលោកមេបញ្ជាការ ពេលនោះកម្លាំងអាវុធហត្ថ​ស្រុកសំបូរ សហការជាមួយកម្លាំងអាវុធហត្ថស្រុកចិត្របុរី និងអាវុធហត្ថក្រុងក្រចេះ តាម​បង្រ្គាបដល់ចំណុចខាងលើ ទើបឃាត់បានរថយន្ដ តែមិនបានឃាត់ខ្លួនអ្នកបើកបរ​នោះទេព្រោះបានរត់គេចខ្លួនបាត់។

​លោកមេបញ្ជាការរងរូបនេះ បន្តទៀតថា បច្ចុប្បន្នរថយន្ត និងសត្វព្រៃទាំងនោះ ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនិតិវិធី របស់រដ្ឋបាលព្រៃឈើ៕