(តាកែវ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ជូនដល់នគរបាល៤៦រូប នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ក្នុងពិធីនៅព្រឹកមិញនេះ ក៏មានការផ្ដល់នូវគ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ឌសរសើរ លិខិតសរសើរផងដែរ ក្នុងនោះមេដាយ៦៦គ្រឿង មានមាស៣០គ្រឿង, ប្រាក់២៣គ្រឿង, សំរិទ្ធ១៣គ្រឿង។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
បើតាមនាយឧត្តមសេនីយ៍ ប៉ែន វិបុល កម្លាំងនគរបាលក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។
បន្ថែមពីនេះអគ្គស្នងការរងរូបនេះ ក៏បានប្រាប់ទៅកាន់មន្ដ្រីនគរបាលដែលទើបតែទទួលបានភារកិច្ចថ្មី មុខតំណែងថ្មី ត្រូវបំពេញកិច្ចការងារទៅតាមភារកិច្ចរបស់ខ្លួន មិនត្រូវយកអំណាចទៅគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕