Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​កាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យទំនិញនៅផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុង​បាវិត, រកឃើញបង្គាក្រៀមខូចគុណភាពជាង​២គីឡូ​

29-05-2018 12:02

(ស្វាយរៀង)៖ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពចំណីអាហារ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រី ចុះពិនិត្យមុខទំនិញជាច្រើនមុខ ដែលបានដាក់លក់នៅក្នុងផ្សា​រប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត តែមិនបានរកឃើញសារ​ធាតុគីមីដាក់​ក្នុងម្ហូបអាហា​រនោះទេ ប៉ុន្តែរកឃើញបង្គាក្រៀមខូចគុណភាពចំនួន២គីឡូក្រាម ដែលបានដាក់តាំងលក់។

លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

ប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

លោកបានបញ្ជាក់ថា មន្ត្រីជំនាញ​បានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងផ្សារ​ប្រសូត្រ និងផ្សារជីភូ ពុំបានរកឃើញសារធាតុគីមីនោះទេ តែបានរកឃើ​ញបង្គាក្រៀម ដែលខូចគុណ​ភាពចំនួន២គីឡូក្រា​ម ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាពនៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព។

ជាមួយគ្នានោះ លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕​