(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាថ្ងៃរំលឹកខួបលើកទី៧០ នៃការបម្រើ និងការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាព, កម្ពុជារៀបចំពិធីរំលឹកដល់វីរភាពនៃ កងទ័ពកម្ពុជា ដែលបានពលិជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបន្ទាយទាហាន ACO ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ និងតំណាងអង្គការសហប្រជាជាតិ តំណាងស្ថាទូតនានា និងក្រុមគ្រូសាររបស់ទាហានមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតផងដែរ។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណី គិតចាប់ពីឆ្នាំ១៩៤៨ រហូតមកដល់ពេលនេះ កងរក្សាសន្ដិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ចំនួន៣,៧០០នាក់ ដែលបានពលីជីវិត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានគូសបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាដែលជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន ៥,៤៨៦នាក់ ក្នុងនោះមាននារីចំនួន២៥៤នាក់ ទៅកាន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨៖ ប្រទេសស៊ូដង់, ស៊ូដងខាងត្បូង, ឆាដ, លីបង់, ស៊ីរី, សាយប្រ៊ីស, ម៉ាលី និងអាហ្វ្រិកកណ្ដាល។
គិតចាប់ពីឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន វីរយុទ្ធជនកម្ពុជាចំនួន៧រូប ដែលបានពលីជីវិត នៅលើសមរភូមិនៃតំបន់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី និងអាហ្វ្រិកកណ្ដាល ដោយការប្រហារ និងជំងឺផ្សេងៗ៕