(ភ្នំពេញ)៖ លោក គិត សេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជានាយកគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធី ជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ក្រសួងកសិកម្ម មានវិធានការជាអាទិភាពចម្បង ចំនួន៦ចំណុច ដើម្បីដោះស្រាយបញ្ហារាំងស្ទះ ក្នុងសង្វាក់ផលិតកម្មតម្លៃរបស់ស្រូវអង្ករ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក គិត សេង អញ្ជើញចូលរួមបើកសិក្ខាសាលា ពិគ្រោះយោបល់បញ្ចប់ ស្ដីពី «ការសិក្សាសមិទ្ធិលទ្ធភាព នៃដំណើរការកែឆ្នៃគ្រាប់ពូជស្រូវ ការសម្ងួត និងឃ្លាំងស្ដុកស្រូវចំណី និងគ្រាប់ពូជស្រូវ» ដែលរៀបចំដោយ អង្គភាព MAFF-NIO for Rice-SDP សហការជាមួយក្រុមហ៊ុន អេស ប៊ី ខេ វីស៊ើច អេន ឌីវេទ្យុបមេន។
ថ្លែងនៅក្នុងពិធីនោះ លោក គិត សេង បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហារាំងស្ទះ ក្នុងសង្វាក់ផលិតកម្មតម្លៃរបស់ស្រូវអង្ករ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញស្រូវអង្ករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិធានការជាអាទិភាពចម្បង ចំនួន៦ រួមមាន៖
១៖ ការរៀបចំលិខិតបទដ្ឋានគតិយុត្ដ និងច្បាប់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មស្រូវអង្ករធន់ នឹងការប្រែប្រួលអាកាសធាតុ
២៖ ការធ្វើឲ្យប្រសើរឡើង តំបន់ប្រើប្រាស់ដីកសិកម្ម
៣៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្វាក់តម្លៃផលិតកម្មស្រូវអង្ករធន់នឹងអាកាសធាតុ
៤៖ សេវាកម្មគាំទ្រក្នុងចង្វាក់តម្លៃផលិតកម្មស្រូវអង្ករ ដើម្បីធ្វើឲ្យប្រសើរឡើងគុណភាពស្រូវអង្កររបស់កម្ពុជា
៥៖ ការអនុវត្ដន៍សាកល្បងលើការធានារ៉ាក់រ៉ង ទៅលើដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ
៦៖ ការគ្រប់គ្រង និងអនុវត្ដកម្មវិធីឲ្យមានប្រសិទ្ធិភាព។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ការនាំចេញអង្ករទៅបរទេសរបស់កម្ពុជា សម្រេចបានចំនួន ៦៣៥,៦៧៩ តោន កើនឡើងជិត១០ម៉ឺនតោន ស្មើនឹង១៧,៣% ធៀបនិង ឆ្នាំ២០១៦។ កំណើនបរិមាណផលស្រូវ បានធ្វើឲ្យលើសពីតម្រូវការនាំចេញ ហើយស្រូវទាំងនោះ បានហូរចេញមិនផ្លូវការទៅប្រទេសថៃ និងវៀតណាម។
នាយកគម្រោងថ្នាក់ជាតិ រូបនេះ បានបន្ថែមថា កត្ដាចម្បងមួយចំនួន ក្នុងចំណោមកត្ដាទាំងឡាយ ដែលបណ្ដាលឲ្យមានលំហូរស្រូវសើម ចេញទៅប្រទេសវៀតណាម និងថៃ គឺមកពីនៅប្រទេសកម្ពុជា ខ្វះនូវហេដ្ឋារចនាសម្ព័ន្ធ នៃការងារ ក្រោយប្រមូលផលស្រូវមានន័យថា ផ្នែកដឹកជញ្ជូន សម្ងួត ទុកដាក់ ក្នុងស្រុកមិនទាន់សមស្រប ទៅនឹងទំហំផ្គត់ផ្គង់។
លោកបានលើកឡើងថា «យើងទាំងអស់គ្នា ដឹងហើយថា ប្រសិនបើស្រូវមិនត្រូវបានសម្ងួតភ្លាមៗ ក្រោយពីច្រូតកាត់រួច ដើម្បីឲ្យអត្រាសំណើមស្រូវថយចុះ មកនៅត្រឹមអត្រាសុវត្ថិភាព ១៤% ទេនោះ គុណភាពស្រូវនឹងថយចុះ ឬខូចទាំងស្រុង»។
អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ក្នុងដំណោះស្រាយលើបញ្ហានេះ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ មានផែនការសាងសង់ឃ្លាំងស្ដុកស្រូវចំណី និងគ្រាប់ពូជស្រូវ នៅតាមបណ្ដាខេត្តគោលដៅទាំងបី របស់គម្រោង គឺខេត្ដបាត់ដំបង កំពង់ធំ និងព្រៃវែង។
លោកបានបន្ថែមថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ក្នុងការងារប្រតិបត្តិក្រោយប្រមូលផលស្រូវ ជាពិសេសលើការងារសម្ងួត និងទុកដាក់ នឹងរួមចំណែក ក្នុងការទប់ស្កាត់ បាននូវលំហូរ ស្រូវសើមទៅ ប្រទេសជិតខាង និងជួយបង្កើនបរិមាណនៃការនាំចេញអង្កររបស់កម្ពុជា ក៏ដូចជាបង្កើនប្រាក់ចំណូលដល់តួអង្គទាំងអស់ ក្នុងច្រវ៉ាក់តម្លៃផលិតកម្មស្រូវ-អង្ករ ដែលឆ្លើយ តបទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា សិក្ខាសាលាខាងលើនេះ គឺធ្វើឡើងដើម្បីរួមគ្នាកំណត់ពិនិត្យ និងពិគ្រោះយោបល់លើវិធីសាស្ដ្រ នៃការសាងសង់ឡសម្ងូត និងឃ្លាំងស្ដុកស្រូវចំណី និងគ្រាប់ពូជ ស្រូវ រួមសហការផ្ដល់នូវមតិយោបល់ ជួយសម្របសម្រួល ដល់ខាងក្រុមការងាររបស់ក្រុមហ៊ុន ដែលបានចុះសិក្សា ដើម្បីយកទៅកែសម្រួលរបាយការណ៍ ឲ្យទទួលបានលទ្ធផលល្អ និងរៀបចំដំណើរការអនុគម្រោងម៉ាស៊ីន សម្ងួត និងឃ្លាំងស្ដុកស្រូវចំណី និងគ្រាប់ពូជស្រូវឲ្យមានប្រសិទ្ធិភាព៕