(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជំនួយកង់៤០០គ្រឿង ដែលជាជំនួយ របស់អង្គការកុកឺសៃ ប្រទេសជប៉ុន បានជួយដល់កុមារកំព្រា និងក្រីក្រជាច្រើនាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើដំណើរទៅសាលារៀន ដោយងាយស្រួលជាងមុន។

ការលើកឡើងរបស់ រដ្ឋមន្ត្រី វង សូត បានធ្វើឡើង នៅក្នុងពិធីប្រគល់កង់ជំនួយ របស់អង្គការកុកឺសៃ ប្រទេសជប៉ុន ជូនដល់ សិស្សានុសិស្សចំនួន៤០០នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានោះ លោក វង សូត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរ ស.អ.យ ខេត្តត្បូងឃ្មុំ អង្គការកុមារអាស៊ី អាជ្ញាធរខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកពញាក្រែក ដែលបានសហការ រៀបចំកម្មវិធី ចែកកង់ ដែលជាអំណោយរបស់ អង្គការកុកឺសៃ ប្រទេសជប៉ុន និងអង្គការកុមារអាស៊ីនាពេលនេះ ដែលបានបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនជប៉ុន ចំពោះប្រជាជនជារួម និងនិយាយដោយឡែក របស់លោក សាណុ ប្រធានអង្គការកុកឺសៃ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច ស្តីពីជំនួយកង់ដល់កុមារកំព្រា និងសិស្សក្រីក្រ នៅកម្ពុជា។

លោក វង សូត បានបន្ថែមថា លោក សាណុ ប្រធានអង្គការកុកឺសៃ បានខិតខំអំពាវនាវ និងកៀរគរ ជំនួយពីសប្បុរសជន នៃប្រទេសជប៉ុន ដើម្បីសម្រួលដល់ការលំបាក ខ្វះខាតរបស់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ សម្រាប់ជាមធ្យោបាយ ធ្វើដំណើរទៅសិស្សារៀនសូត្រ ដលើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ដល់សង្គមជាតិសម្រាប់ពេលអនាគត។

កន្លងមក ក្រសួងសង្គមកិច្ច បានយកចិត្តទុកដាក់ និងសហការជាមួយដៃគូពាក់ព័ន្ធនានា ធ្វើការងារយ៉ាងសកម្ម ពាក់ព័ន្ធនិងកិច្ចការពារកុមារ ផ្តល់ការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់សេវាសុខភាព ការអប់រំរៀនសូត្រ ជាពិសេសការគិតគូរ ដោយផ្តោតទៅលើសិទ្ធិ ទទួលបាននូវការអភិវឌ្ឍ របស់កុមារ។

តាមរយៈកិច្ចសហការនេះ បានធ្វើឲ្យកុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះ ជាច្រើនមានសិទ្ធិសេរីភាព ទទួលបានការពារ និងទទួលបានឱកាសស្មើគ្នា ក្នុងការរស់នៅ រៀនសូត្រ និងការអភិវឌ្ឍខ្លួនឲ្យក្លាយជាកុមារ ដែលមានអនាគតល្អ ដូចកុមារដទៃទៀត។

រដ្ឋមន្ត្រី វង សូត បានលើកឡើងថា តាមរយៈការបង្ហាញពីចំណាប់អារម្មណ៍របស់ លោក រ៉ូមាំង ហ្សាក់គីយេ ប្រធានអង្គការសកុមារអាស៊ី និងលោក សាណុ ប្រធានអង្គការកុកឺសៃ បានបង្ហាញពីឆន្ទៈ បន្តជួយដល់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ កំព្រា ដែលខ្វះមធ្យោបាយ ធ្វើដំណើរ ទៅរៀនសូត្រ។ជាក់ស្តែងដូចថ្ងៃនេះ កង់ចំនួន៤០០គ្រឿង ត្រូវបានផ្តល់ជូនទៅដល់ កុមារកំព្រា និងសិស្សានុសិស្សផងដែរ។

គួរបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលអង្គការកុកឺសៃ ប្រទេសជប៉ុន ដែលមានលោក សាណុ ជាប្រធាន បានផ្តល់កង់ជូនកុមារកំព្រា និងសិស្សានុសិស្ស ក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរនៅកម្ពុជា ដែលមានរហូតមកដល់ពេលនេះ ចំនួន ២០,៨៥០គ្រឿង ហើយក្នុងនោះ ក្រសួងសង្គមកិច្ច ទទួលបាន ៨,៨៦០គ្រឿង៕