(ភ្នំពេញ)៖ ជនត្រូវចោទជាច្រើននាក់ហើយ នៅក្នុងនោះមានអ្នកពាក់ផ្កាយ និងឧកញ៉ាផងដែរ ត្រូវជាប់ពន្ធនាគារ ដោយសាររឿងបាញ់បោះសេរី ជាហូហែរ។
ដោយឡែក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលខណ្ឌព្រែកព្នៅម្នាក់ទៀត មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយសាររឿងបាញ់បោះសេរី។
លោក ប៊ុន សត្យា ប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាកថា ជនសង្ស័យមានឈ្មោះ ផន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ ១៤៤ AE1 ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខផ្សារផ្លាហ្សា។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ ម៉ាក ZOOMER X ពណ៍លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាក K54 បាញ់ឡើងលើ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុខតូបលេខ ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕