(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល ប្រើប្រាស់ Drone ដើម្បីឈានដល់ការបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងបៀរ អាប៉ោង ធំមួយកន្លែងនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយឃាត់ខ្លួនមនុស្សបាន៦នាក់ និងដកហូតវត្ថុតាងបានមួយចំនួនធំ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភាម្សិលមិញ ដោយកម្លាំងជំនាញទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានលេងល្បែងស៊ីសង (អាប៉ោង) នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ) អាយុ៤៧ឆ្នាំ ពេលនោះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្រ្កាបបានជនសង្ស័យ០៦នាក់។
បើតាមលោកស្នងការ ជនសង្ស័យទាំង០៦នាក់ដែលបានឃាត់ខ្លួន ទី១៖ឈ្មោះ ស៊ិន គុន អាយុ៦៦ឆ្នាំ, ទី២៖ឈ្មោះ សុខ ជា អាយុ៥០ឆ្នាំ, ទី៣៖ឈ្មោះ ដង យ៉ឹងហ្វាង អាយុ៤៩ឆ្នាំ, ទី៤៖ឈ្មោះ ផល ស៊ីដារ៉ា អាយុ៣០ឆ្នាំ, ទី៥៖ឈ្មោះ ឆាយ ហុក អាយុ៤០ឆ្នាំ និងទី៦៖ឈ្មោះ ឆោម ឆៃយ៉ា អាយុ៣៥ឆ្នាំ។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា វត្ថុតាងចាប់យករួមមាន មេអាប៉ោង០៨ និងប្រដាប់ខាតជើងអាប៉ោង០១សន្លឹក២, គម្រប០១, កម្រាលអាប៉ោង០១, ទូរស័ព្ទដៃ០៧គ្រឿង SAMSUNG J7 ពណ៌ស០១គ្រឿង, iPhone 6plus ពណ៌ប្រផេះ០១គ្រឿង, iPhone 6 ពណ៌មាស០១គ្រឿង, Metfone ពណ៌ខ្មៅ០១គ្រឿង, Alcatel ពណ៌ខ្មៅ០១គ្រឿង, Nokia ពណ៌ខ្មៅ០២គ្រឿង, លុយដុល្លារ ៨៧៥ដុល្លារ, លុយខ្មែរ ៣,៧០០,០០០រៀល, ឡាន០២គ្រឿង ម៉ាកបាឡែន ស្លាកលេខភ្នំពេញ 2V-7570 ពណ៌ស្ករ ម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។
ក្រោយប្រតិបត្តិការជនសង្ស័យ០៦នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕