(ភ្នំពេញ)៖ កសិករខ្មែរចំនួន១៩រូប ត្រូវចេញទៅធ្វើការ និងរៀនសូត្រដកស្រង់បទពិសោធន៍នៅប្រទេសករ៉េខាងត្បូង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។
មុនចេញដំណើរ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបសំណេះសំណាល និងណែនាំផ្តាំផ្ញើជាមួយកសិករទាំង១៩រូប ដែលត្រូវបញ្ជូនទៅធ្វើការ នៅកសិដ្ឋាននៃប្រទេសកូរ៉េ ក្នុងនាមកសិករតាមរដូវកាល (កម្មវិធីហ្វឹកហាត់ការងារនៅប្រទេសកូរ៉េ) រយៈពេល៣ខែ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម និងឧបត្ថមដោយអង្គការ KOIKA។
លោក ហ៊ាន វណ្ណហន បានលើកឡើងថា អគ្គនាយកដ្ឋានកសិកម្ម បានខិតខំ និងទទួលបានជោគជ័យ ក្នុងការបញ្ជូនកសិករតាមរដូវកាល ឲ្យធ្វើចំណាកស្រុកទៅបំពេញការងារនៅប្រទេសកូរ៉េចំនួន១៩នាក់ ក្នុងរយៈពេល៣ខែ ដែលត្រូវចេញដំណើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បីរៀនយកបទពិសោធន៍ការងារ ក្នុងផលិតកម្មកសិកម្មផង និងបានប្រាក់បៀវត្សផង។
សូមជម្រាបថា កូរ៉េខាងត្បូងជាប្រទេសដែលមានការភិវឌ្ឍន៍ខ្លាំង លើវិស័យកសិកម្ម ដែលការបញ្ជូនកសិករខ្មែរទៅនេះ គឺដើម្បីទទួលបានបទពិសោធន៍ការងារកសិកម្មផង និងទទួលបានប្រាក់ចំណូលជូនគ្រួសារថែមទៀតផង៕