Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ CDC សង្ឃឹមថា វិនិយោគិនចិននឹងបង្កើនការវិនិយោគនៅកម្ពុជា ខណៈដែលគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ចិនលើកទឹកចិត្តឱ្យក្រុមហ៊ុន មកវិនិយោគនៅក្រៅប្រទេស

28-05-2018 18:15

(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានបង្ហាញក្តីសង្ឃឹមថា វិនិយោគិនចិននឹងបង្កើនការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ចិន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន មកធ្វើការវិនិយោគនៅក្រៅប្រទេស។

ការបង្ហាញក្តីសង្ឃឹមនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែល លោក សុខ ចិន្តាសោភា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន ដឹកនាំដោយលោក Chen Zehua ប្រធានវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ និងការស្រាវជ្រាវអភិបាលកិច្ចសកល របស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិក្រុមហ៊ុន និងវិនិយោគិនចិន សរុបប្រមាណ៣០នាក់។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ដោយឡែកនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រចអនុញ្ញាតឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើគម្រោងថ្មីចំនួន៣៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណជាង ៤០០លានដុល្លារអាមេរិក។ កំណើននៃទុនវិនិយោគនេះ បានបង្ហាញអំពីភាពជឿជាក់របស់អ្នកវិនិយោគចិន ទៅលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា៕