(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងម៉ុតមាំថា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។
ក្រៅពីការប្ដេជ្ញាចិត្តនេះ ប្រជាពលរដ្ឋសង្កាត់ពងទឹក ក៏បានបញ្ជាក់ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការបោះឆ្នោតដ៏ធំមួយនេះ ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់ សម្រាប់ពួកគាត់។
បន្ថែមពីនេះប្រជាពលរដ្ឋខាងលើ ក៏បានប្រកាសថា ពួកគាត់មិនជឿតាមការញុះញង់របស់ក្រុម ឬបុគ្គលមួយចំនួននោះទេ ព្រោះពួកគាត់យល់ច្បាស់ពីស្ថានភាពប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋខាងលើ ត្រូវបានធ្វើឡើងនៅទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីសំណើ សំណូមពរ និងតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ភូមិពងទឹក សង្កាត់ពងទឹក និងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ៕
សូមទស្សនាវីដេអូប្រជាពលរដ្ឋនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ជុំវិញការប្ដេជ្ញាចិត្តទៅបោះឆ្នោតឲ្យនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៖