(កោះកុង)៖ សមិទ្ធផលនានាក្នុងវត្តរុក្ខសិលារាម ហៅវត្តតាកាត ដែលចំណាយថវិកាសាងសង់ជាង២២ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព នាយឧត្តមនាវី ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ពិធីសម្ពោធដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក៏មានការចូលរួមពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្ត្រីរាជការគ្រប់ស្ថាប័ន ព្រះសង្ឃ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានលើកឡើងថា នេះជាសក្ខីភាពមួយដែលលោកស្រី មន្រ្តីរាជការប្រជាពលរដ្ឋបានចូលរួមក្នុងពិធីសម្ពោធសម្ធិផលនានា ក្នុងវត្តរុក្ខសិលារាម ដែលត្រូវបានកសាងឡើង ក្នុងរយៈពេលជាច្រើនឆ្នាំ មានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់។
លោកស្រី បានបន្តថា ប្រទេសជាតិបច្ចុប្បន្នមិនដូចពីមុនទេ គឺត្រូវការអភិវឌ្ឍប្រទេស ដូច្នេះយើងត្រូវការអប់រំផ្នែកសីលធម៌ និងគុណធម៌មិនដូចកាលពីសម័យ ប៉ុល ពត ទេ ត្រូវបានបំបាត់ចោលទាំងអស់ អញ្ចឹងបានមានការកាប់សម្លាប់គ្នាការមើលងាយ និងការមិនគោរពគ្នា តែក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានភាពរីកចម្រើនគ្រប់វិស័យ និងមានការរីកលូតលាស់ផ្នែកធនធានមនុស្សខ្ពស់ផងដែរ។
ជាមួយគ្នានេះ នាយឧត្តមនាវី ទៀ វិញ បានបញ្ជាក់ថា លោកនឹងក្រុមការងារថ្ងៃនេះ មានសេចក្តីសោមនោស្សរីករាយខ្លាំងណាស់ ដោយបានឃើញសម្ធិផលនានា ក្នុងវត្តរុក្ខសិលារាម មានភាពរីកចម្រើនផ្នែកវិស័យសាសនា ហើយបានដាក់សម្ពោធឲ្យបានប្រើប្រាស់ជាផ្លូវការ ជូនបងប្អូនប្រជាពលរដ្ឋទៅតាមតម្រូវការ។
ទន្ទឹមនឹងនេះ នាយឧត្តមនាវី អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស កុំជឿពាក្យការញុះញង់របស់ទណ្ឌិត សមរង្សី ជាជនក្បត់ជាតិ ដែលមិនដែលមកជួយដោះទុក្ខបងប្អូននោះទេ មានគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលនៅជាមួយបងប្អូនទាំងយប់ទាំងថ្ងៃ មិនថាជិត ឬឆ្ងាយនោះទេ មិនប្រកាន់ពូជសាសន៍ ឲ្យតែប្រជាពលរដ្ឋបញ្ហាអ្វីកើតឡើង គណបក្សប្រជាជនកម្ពុជា ចុះដល់ទីតាំងភ្លាមដោយមិនគិតពីភាពលំបាក់អ្វីឡើយ៕