(កំពង់ធំ)៖ កុមារីដែលជាបងប្អូនបង្កើត២នាក់ បានលង់ទឹកស្លាប់យ៉ាងអណោចអាធ័ម នៅក្នុងស្រះទឹក ក្នុងសភាពឱបគ្នាយ៉ាងស្អិត ក្រោយពីត្រូវបានឪពុកប្រើ ឲ្យដឹកគោយកទៅផឹកទឹក។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១២៖៣០រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចទឹកស្រះរណ្តៅទឹក ស្ថិតនៅភូមិត្រពាំងទូក ឃុំប៉ាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ហូរ សារ៉ាន់ នាយប៉ុស្តិ៍ឃុំបាក់ស្នា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សពកុមារីរងគ្រោះដែលជាបងមានឈ្មោះ សឿន ឡាត់ អាយុ១៤ឆ្នាំ និងប្អូនឈ្មោះ សឿន លិស អាយុ៨ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើ ធ្វើឲ្យឪពុកម្តាយយំសោក បោកខ្លួនយ៉ាងខ្លាំង ព្រោះមួយភ្លេតសោះ បាត់បង់កូនស្រីដល់ទៅ២នាក់។
លោក ហូរ សារ៉ាន់ បានឲ្យដឹងទៀតថា មុនពេលកើតយុវតីរងគ្រោះ២នាក់បងប្អូន ត្រូវបានឪពុកប្រើឲ្យដឹកគោយកទៅផឹកទឹកស្រះ។
លោកបន្តទៀតថា កំពុងតែលាងទឹកគោ ប្រហែលប្អូនស្រីធ្លាក់ទឹកជ្រៅ ហើយលើកដៃហៅបងស្រីជួយ។ ពេលបងស្រីស្ទុះទៅជួយ ត្រូវប្អូនប្រវេប្រវាជាប់ ទើបលក្ខណៈសពមានសភាពឱបគ្នាយ៉ាងស្អិត ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបាតស្រះយ៉ាងដូច្នេះ។
ក្រោយពីការធ្វើកោសល្យវិច្ច័យហើយ កុមារីរង២នាក់បងប្អូននេះ ពិតជាលង់ស្លាប់ដោយខ្លួនឯងមែន។ សមត្ថកិច្ច បានប្រគល់ឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕