(ភ្នំពេញ)៖ ករណីទីតាំងស្តុប និងចិញ្ចឹមគោ ក្របី សម្រាប់កាប់យកសាច់លក់ជាច្រើនទីតាំង នៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាពិសេសកុងស៊ីកាប់គោរបស់លោក ហ៊យ ហៀង ដែលត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ លើកឡើងថា បានជះក្លិនស្អុយ អសោចប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ រហូតស្មើសុំឲ្យអាជ្ញាធរ និងមន្រ្តីជំនាញ ជួយប្តូរទីតាំងទៅកន្លែងថ្មីវិញនោះ ត្រូវបានរដ្ឋបាលខណ្ឌជ្រោយចង្វារ បញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ទទួលបានពាក្យបណ្តឹងជាលាយលក្ខ័អក្សរនៅឡើយទេ។
នាយករងរដ្ឋបាលសាលាខណ្ឌជ្រោយចង្វារលោក សុជាតិ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងថា «ចំពោះបញ្ហានេះ ខាងរដ្ឋបាលដូចជាមិនទាន់ទទួលបានពាក្យបណ្តឹងជាផ្លូវការ ណាមួយពីប្រជាពលរដ្ឋនៅឡើយទេ ទៅលើកុងស៊ីកាប់សត្វនេះ»។
យ៉ាងណាក៏ដោយ សម្រាប់សាលាខណ្ឌជ្រោយចង្វារ នឹងចាត់ឲ្យមន្រ្តីជំនាញចុះទៅពិនិត្យជាក់ស្តែងនៅកុងស៊ីទាំងនេះ ប៉ុន្តែការដោះស្រាយយ៉ាងណានោះ ខាងអាជ្ញាធរក៏មិនត្រូវអនុញ្ញាឲ្យទុកនៅរបៀបនេះ នោះទេ ប៉ុន្តែក៏ត្រូវការទុកពេលឲ្យរកទីថ្មីផងដែរ។
មន្រ្តីសាលាខណ្ឌជ្រោយចង្វារ ក៏បានបញ្ជាក់ផងដែរថា សម្រាប់មូលដ្ឋានខណ្ឌទាំងមូល ក្រោមការដឹកនាំរបស់លោក ឃ្លាំង ហួត ជាអភិបាលខណ្ឌនោះ ឲ្យប្រជាពលរដ្ឋមានបញ្ហាជាក់ស្តែង និងមានពាក្យបណ្តឹងមកកាន់មន្រ្តីនោះ យើងនឹងចុះទៅដោះស្រាយភ្លាមៗ ជូនពួកគាត់មិនទុកឲ្យកើតឡើងក្លាយជាជំងឺមហារីកនោះទេ។
សូមបញ្ជាក់ថា នៅថ្ងៃនេះទីតាំងកុងស៊ីខាងលើនេះ បានរងនូវការរិះគន់ថា បានជះក្លិនស្អុយអសោច បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ រហូតចង់ឲ្យអាជ្ញាធរ ផ្លាស់ប្តូរទីតាំងទៀតផង៕