(បន្ទាយមានជ័យ)៖ មន្ត្រីគយចល័តក្រុងប៉ោយប៉ែត នៃស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានតាមប្រមាញ់ ចាប់បានរថយន្តគេចពន្ធស៊េរីទំនើប១គ្រឿង ខណៈពេលកំពុងធ្វើចរាចរណ៍ តាមដងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត។
លោកហ៊ុយ សុជាតិ ប្រធានស្នាក់ការការិយាល័យគយ ក្រុងប៉ោយប៉ែត បានឲ្យអង្គភាព Fresh News ដឹងតាមរយៈទូរសព្ទថា មន្ត្រីជំនាញ ដោយមានការដឹកនាំដោយលោក សាំង ណន អនុប្រធានការិយាល័យគយ បានប្រមាញ់ចាប់បានរថយន្តទំនើបខាងលើនេះ មានម៉ាក TOYOTA HILUX REVO ឆ្នាំ២០១៧ ពណ៌ស បន្លំពាក់ស្លាកលេខចង្កូតស្តាំ PP-0972។
លោកបានបញ្ជាក់ថា ម្ចាស់រថយន្តបានឆ្លើយសារភាពថា រថយន្តខ្លួនទើបតែបានទិញពីគេបានប៉ុន្មានថ្ងៃសោះ ហើយដឹងថា រថយន្តនេះគេចពន្ធផងដែរ ដោយខ្លួនគ្មានថវិកាគ្រប់គ្រាន់ ទើបសម្រេចចិត្តទិញយកមកប្រើប្រាស់ និងដឹកទំនិញបន្តិចបន្តួចចិញ្ចឹមជីវិតប៉ុណ្ណោះ។
បច្ចុប្បន្ននេះ មន្ត្រីជំនាញបានយករថយន្តខាងលើ ទៅកាន់ការិយាល័យគយ និងរដ្ឋាករខេត្ត ដើម្បីឲ្យម្ចាស់បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បង់ពន្ធចូលរដ្ឋវិញ៕