(កំពង់ស្ពឺ)៖ ការងារស័្មគ្រចិត្តត្រូវបានយុវជន និងយុវតីកម្ពុជា នាពេលសព្វថ្ងៃនេះ បានចាប់អារម្មណ៍ជាខ្លាំង។ ដោយឡែកមិនខុសពីក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី រាល់ថ្ងៃនេះមាន ក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យ មកពីបណ្តាសាលាផ្សេងៗគ្នា កំពុងតែខិតខំស្វះស្វែងទៅតាមតំបន់ដាច់ស្រយ៉ាល ដើម្បីចុះជួយព្យាបាលប្រជាពលរដ្ឋ និងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃ។ សកម្មភាពសប្បុរសទាំងនេះ ត្រូវបានលោកគ្រូ-អ្នកគ្រូពេទ្យ មានការចាប់អារម្មណ៍ជាខ្លាំងផងដែរ។
ថ្លែងចេញពីតំបន់ដាច់ស្រយ៉ាល ទាំងដែលគ្មានសេវាទូរស័ព្ទទៀតនោះ យុវជន និងយុវតីរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានប្តេជ្ញាយ៉ាងច្បាស់ថា ពួកគាត់នៅតែបន្តសកម្មភាពមនុស្សធម៌ នេះទៅមុខទៀត ទោះបីត្រូវចំណាយកម្លាំងនឿយហត់ប៉ុណ្ណាក៏ដោយ ក៏ព្រោះតែចង់ឃើញប្រជាពលរដ្ឋ មានសុខភាពល្អ នេះហើយជាក្តីបំណងធំរបស់ពួកគាត់ជាចម្បង។
ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជូនប្រជាពលរដ្ឋ វត្តសាលូតមានជ័យ ហៅវត្តជាំ តំបន់រលាក់កងជើង ឃុំតាសាង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន២,៥១១នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី១០៩នាក់, ជំងឺផ្លូវចិត្ត៩៩នាក់, ជំងឺឫសដូងបាត៨៧នាក់, ជំងឺសន្លាក់ឆ្អឹង១១៣នាក់, ជំងឺរលាកសួត៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១២៩នាក់, ជំងឺភ្នែក៦៩នាក់, ជំងឺសើរស្បែក៨១នាក់, ជំងឺទឹកនោមផ្អែ៧៥នាក់, ជំងឺមាត់ធ្មេញ៧១នាក់, អេកូសាស្ត្រ៣១នាក់ ព្យាបាលរបួសនិងវះកាត់តូច១៥ និងជំងឺទូទៅ១៣២៨នាក់។
សកម្មភាពបំរើការងារស្ម័គ្រចិត្ត កំពុងតែមានការកើនឡើងស្ទើរតែគ្រប់ផ្នែកនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងយុវជនក្មេងៗនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពួកគេកំពុងចាប់ដៃគ្នាយ៉ាងសកម្មនៅក្នុងការចុះទៅផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋក្រីក្រនៅតាមបណ្ដាលខេត្ត ជាពិសេសនោះខេត្តកំពង់ស្ពឺតែម្ដង។
សកម្មភាពបំរើការងារស្ម័គ្រចិត្ត កំពុងតែមានការកើនឡើងស្ទើរតែគ្រប់ផ្នែកនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងយុវជនក្មេងៗ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ស.ស.យ.ក ពួកគេកំពុងចាប់ដៃគ្នាយ៉ាងសកម្ម នៅក្នុងការចុះទៅផ្ដល់សេវាសុខាភិបាល ដល់ពលរដ្ឋក្រីក្រនៅតាមបណ្ដាលខេត្ត ជាពិសេសនោះខេត្តកំពង់ស្ពឺតែម្ដង។ លោក ផល ណារិទ្ធ ជានិស្សិត នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានអះអាងថា រូបគេស្ម័គ្រចិត្តធ្វើការកិច្ចការងារសង្គម ជាមួយក្រុមគ្រូស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ពីរឆ្នាំមកហើយ ដោយសារតែការស្រឡាញ់នឹងការងារនេះ តាំងតែពីក្មេងៗមកម្លេះ។
ណារិទ្ធ បានបញ្ជាក់បន្ថែមថា «មែនទែនទៅការងារសង្គម គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់ៗរូប។ បន្ថែមពីលើនេះខ្ញុំទទួលបានបទពិសោធន៍ត្រឡប់មកវិញ ទោះបីជាចំណាយពេលវេលា ផ្ទាល់ខ្លួន ថវិកាផ្ទាល់ខ្លួនក៏ដោយ»។
លោក ណារិទ្ធ បានអះអាងទៀតថា រូបគេនឹងធ្វើដំណើរទៅជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បើទោះការងារផ្លាស់ទីទៅដល់ទីណាក៏ដោយ។ ណារិទ្ធបន្តថា «ទោះគ្មានលុយក៏ខ្ញុំនៅធ្វើការងារស្ម័គ្រចិត្ត របស់ខ្ញុំដែរ ហើយខ្ញុំចង់ឲ្យប្អូនៗជំនាន់ក្រោយ គួរតែចំណាយពេលផ្ទាល់ខ្លួន ចូលរួមការងារសង្គមមួយនេះឲ្យបានច្រើន ព្រោះវាពិតជាមានសារខាន់ណាស់ ហើយជាពិសេសនោះពួកយើងអាចជួយបងប្អូនប្រជាពលរដ្ឋ ពេលគាត់មានជំងឺ»។
ចំណែកឯយុវតីស្ម័គ្រចិត្តម្នាក់ទៀត ឈ្មោះ ឌី សូនី ជានិស្សិតរៀននៅ សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផ្នែកឆ្មប មានការលើកឡើងស្រដៀងនឹង លោក ផល ណារិទ្ធ យ៉ាងដូច្នោះថា រូបកញ្ញាផ្ទាល់បំរើការងារស្ម័គ្រចិត្ត ដោយសារតែចង់បានបទពិសោធន៍ផ្ទាល់ខ្លួន និងឲ្យស្គាល់ពីសង្គមខាងក្រៅឲ្យបានច្រើន។ កញ្ញា ឌី សូនី បន្តថា «ខ្ញុំជាស្រីខ្ញុំមិនខ្លាចនៅក្នុងការចូលរួមការងារសង្គមឡើយ ទោះសកម្មភាពនេះពង្រីកទៅដល់ទីណាដោយ ខេត្តណាឆ្ងាយៗក៏ដោយ ក៏ខ្ញុំមិនរាថយដែរ ក៏ព្រោះតែខ្ញុំចង់ឃើញបងប្អូនរបស់យើងមានសុខភាពល្អ ទោះបីជាខ្ញុំត្រូវហត់ដូចសព្វថ្ងៃក៏ដោយ»។
ការលើកឡើងរបស់យុវជន និងយុវតី របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃនេះផងដែរ ចក្ខុវិស័យមួយសម្រាប់ប្អូនៗជំនាន់ក្រោយ ក្នុងការងារស្ម័គ្រចិត្តដោយក្តីស្រឡាញ់ និងចង់ជួយដល់សង្គម ព្រោះកើតចេញពីឈាមខ្មែរតែមួយ ដូច្នេះហើយត្រូវតែរួមសុខទុក្ខជាមួយគ្នា ទោះមិនកើតក្នុងផ្ទៃតែមួយក៏ដោយ។
ក្រុមគ្រូពេទ្យស័គ្រិចិត្ត លោក ហ៊ុន ម៉ានី កើតចេញពីការសហការគ្នា ក៏ដូចជា ទឹកចិត្តសប្បុរសលះបង់កម្លាំងកាយចិត្ត របស់បងប្អូន គ្រូពេទ្យ វេជ្ជបណ្ឌិត និងប្អូនៗនិស្សិត នៅកម្ពុជា ដោយមានការចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ចូលរួមសហការដោយលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ រួមនឹងមានការចូលរួមសហការផ្សេងទៀត។
សូមបញ្ជាក់ថា រយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ ចុះពិនិត្យ និងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៦លើក ក្នុងនោះ ព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣០១,២១២នាក់(សាមសិបម៉ឺន មួយពាន់ ពីររយ ដប់ពីរនាក់)។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕