(ភ្នំពេញ)៖ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និង CMA Cambodia បានចុះ MOU (អនុស្សរណៈយោគយល់) ជាមួយគ្នា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ដែលសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តជួយពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យា របស់សិស្សានុសិស្សខ្មែរ ពិសេសសិស្សដែលកំពុងតែសិក្សា នៅសាលា FICAS ឲ្យកាន់តែខ្លាំងពូកែ និងអាចកសាងសមត្ថភាព ទៅប្រកួតជាលក្ខណៈអន្តរជាតិ ជាមួយសិស្សមកពីបណ្តាប្រទេសដទៃទៀត។
CMA Cambodia ឬ សាលាប្រេនី អ៊ិនធឺណេសិនណល គឺជាគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍខួរក្បាល ដោយគិតលេខរហ័ស (CMA Mental Arithmetic) ព្រមទាំងបានឈ្នះពានរង្វាន់ពិភលោក នៅឆ្នាំ ១៩៩១។ CMA Mental Arithmetic គឺជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាល មុនគេបង្អស់នៅឆ្នាំ ១៩៨៤ នៅកោះតៃវ៉ាន់ ដោយប្រើប្រាស់ Abacus សម្រាប់ ការគណនាលេខនព្វន្តដោយដៃពីរ និងម្រាមបួន និងកំពុងពេញនិយមជាងគេបំផុត នៅប្រទេសសិង្ហបុរី។
លោក សុខ ភូមេន្ទ្រពុទ្ធិ អគ្គនាយករងសាលា FICAS ដែលជាសាលាភាសាអង់គ្លេស លំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅកម្ពុជា និងបានបើកដំណើរការតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះនោះ បានថ្លែងថា «MOU របស់យើងជាមួយ CMA Cambodia ជាក្តីមោទនៈមួយ ព្រោះសម្ព័ន្ធភាពរវាងសាលាយើង និងពួកគាត់ នឹងជួយបន្ថែមនូវជំនាញមួយកម្រិតទៀត ដល់សមត្ថភាពក្នុងការគិតលេខ ដល់សិស្សានុសិស្សចាប់ពីថ្នាក់តូចៗ ដែលកត្តានេះ នឹងធ្វើឲ្យសិស្សកាន់តែឈ្លាសវៃ និងមានសមត្ថភាពខ្ពស់ជាងមុន ក្នុងការប្រកួត ជាមួយសិស្សទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយនឹងកិត្តិនាមរបស់សាលា ដែលមានការទទួលស្គាល់ពីអាណាព្យាបាល ចំពោះគុណភាពនៃការបណ្តុះបណ្តាល និងបានជួយឲ្យសិស្សជាច្រើននាក់ បានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សានៅបរទេសដូចជាប្រទេសសិង្ហបុរី អូស្រ្តាលី អាមេរិក និងកាណាដា ជាដើមនោះ ការចុះអនុស្សរណៈយោគយល់នេះ នឹងធ្វើឲ្យអាណាព្យាបាល ព្រមទាំងឪពុកម្តាយ របស់សិស្សកាន់តែមានទំនុកចិត្ត និងសប្បាយរីករាយ ជាមួយនឹងការយកចិត្តទុកដាក់ របស់សាលា ជាបន្តបន្ទាប់លើគុណភាពនៃការសិក្សា របស់កូនៗរបស់ពួកគាត់»។
«ខ្ញុំសប្បាយចិត្តពេលដែលឮអំពីដំណឹងនេះ ព្រោះគណិតវិទ្យា និងការហ្វឹកហាត់ខួរក្បាល ក្នុងការគិតលេខគឺជាជំនាញសំខាន់មួយ ទាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងក្នុងការងារ ឬមុខរបរថ្ងៃអនាគតរបស់កូនៗ និងក្មេងជំនាន់ក្រោយយើងនេះ» លោកស្រី លីណា អាណាព្យាបាលរបស់សិស្សមួយរូប កំពុងសិក្សានៅសាលា FICASបានថ្លែង។ «ខ្ញុំធ្លាប់ឃើញវីដេអូក្មេងៗបរទេស បង្ហាញពីសមត្ថភាព ក្នុងការគិតលេខបានលឿនៗ ហើយខ្ញុំចង់ឲ្យកូនខ្មែរយើងកាន់តែច្រើន មានសមត្ថភាពដូច្នេះដែរ អ៊ីចឹងហើយបានជាខ្ញុំ និងស្វាមីរីករាយយ៉ាងខ្លាំង ចំពោះការចុះ MOU នេះ»។
ជាមួយនឹងសាខាទី២របស់ខ្លួ នទើបនឹងបើកដំណើរការ ស្ថិតនៅម្តុំសង្កាត់សឡា ផ្លូវណូគាម៉ៃដា សាលា FICAS បាននឹងកំពុងតែបន្តខិតខំប្រឹងប្រែង នាំយកនូវកម្មវិធីសិក្សាថ្មីៗ ដែលផ្តល់នូវបរិយាកាសរៀនសូត្រ តាមបែបអន្តរជាតិ និងបណ្តុះបណ្តាលសិស្សានុសិស្ស ទាំងតូចៗ និងធំៗតាមបែបបច្ចេកវិទ្យាទំនើប និងស្តង់ដាអន្តរជាតិ ដែលមានការទទួលស្គាល់ ជុំវិញពិភពលោក៕