(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នគរបាលវ័យក្មេងចរិតទំនើង សុន ពិសាល ដែលបានវាយជនស៊ីវិលឲ្យបែកមុខបែកមាត់យ៉ាងដំណំនោះ ត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នហើយ។ ដោយឡែក បក្ខពួករបស់មន្រ្តីនគរបាលទំនើងរូបនេះ ក៏បាននិងកំពុង រត់គេចខ្លួនផងដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ច ក៏កំពុងតាមចាប់យកមកផ្តន្ទាទោសអោយខាងតែបាន។
ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួននោះ ឃ្លិបវីដេអូស្ដីពីសកម្មភាពបក្ខពួកមន្ត្រីនគរបាលទំនើងខាងលើធ្វើទារុណកម្មវាយទាត់ធាក់ទៅលើជនរងគ្រោះយ៉ាងសាហាវនៅក្នុងបន្ទប់ធ្វើការដោយដៃមានកាន់កាំភ្លើង
ខ្លីទៀតនោះត្រូវបានបែកធ្លាយជាសាធារណៈ កាន់តែធ្វើអោយសាធារណជនដែលមើលឃើញឃ្លិបវីដេអូនេះ នាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង និងទាមទារអោយសមត្ថកិច្ចតាមចាប់ខ្លួនយកមកផ្តន្ទាទោស
ជាបន្ទាន់ផងដែរ។
នៅក្នុងឃ្លិបវីដេអូមួយដែលត្រូវបានគេចែកចាយ និងបង្ហោះនៅតាមបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់មន្រ្តីនគរបាលទំនើង
ម្នាក់ទៀត ដែលទំនងជាបក្ខពួករបស់នគរបាលឈ្មោះ សុន ពិសាល បានទាត់ធាក់ទៅលើជនរងគ្រោះម្នាក់នៅក្នុងបន្ទប់ធ្វើការតែម្តង ប៉ុន្តែមិនដឹងថា ជនរងគ្រោះនោះបង្កបញ្ហា និងប្រព្រឹត្តបទល្មើស អ្វីនោះឡើយ។
តែយ៉ាងណាក៏ដោយ គេមិនដឹងថា តើនគរបាលទំនើងម្នាក់ទៀតនេះមានឈ្មោះអ្វី និងបម្រើការងារនៅអង្គភាពណានោះឡើយ។
សម្រាប់នគរបាលទំនើង សុន ពិសាល ត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» នៃក្រមព្រហ្មទណ្ឌ។
នគរបាល សុន ពិសាល អត្តលេខ ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក មានតួនាទីជានាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ។ ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ អ៉ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនកើតេហេតុគេឃើញក្រុមជនបង្ករបានចាប់ និងវាយយុវជនរងគ្រោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ៕