(ប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញបើកវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ដើម្បីបង្កើននូវគុណភាព លើវិស័យអប់រំដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលមានសិស្សត្រូវបំប៉នមានចំនួន ៣៥០នាក់ មកពីវិទ្យាល័យ២ផ្សេងគ្នាផងដែរ។
នៅក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៦០០នាក់ផងដែរ។
បើតាមរបាយការរបស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា នៅឆ្នាំសិក្សា២០១៧-២០១៨នេះ សិស្សថ្នាក់ទី១២ ដែលត្រូវបំប៉នមានចំនួន ៣៥០នាក់ ក្នុងនោះវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនមានចំនួន២៧២នាក់ និងវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានចំនួន៧៨នាក់ ដែលទទួលបានការឧបត្ថម្ភទាំងស្រុងពីសំណាក់ លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកស្រី បាន ស្រីមុំ បានលើកឡើងថា ក្នុងស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក្នុងការកំណែទម្រង់ប្រព័ន្ធអប់រំ គឺជាភារកិច្ចដ៏ចម្បង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបន្ថែមពីការរៀបចំ នូវវគ្គបំប៉ន់ដោយឥតគិតថ្លៃដល់សិស្សានុសិស្សនៅទូទាំងប្រទេស។
សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចុះអនុស្សារណៈជាផ្លូវការ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសហការជ្រើសរើសយុវជនស្ម័គ្រចិត្តសង្កេតការណ៍ ការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដើម្បីធានាឲ្យបាននូវតម្លាភាព និងគុណភាពដ៏ប្រពៃនៃប្រព័ន្ធអប់រំកម្ពុជា ក្នុងគោលបំណងចម្រាញ់យកធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែង លើឆាកអន្តរជាតិ និងថ្នាក់តំបន់ ជាពិសេសសមាគមន៍អាស៊ាន។
នៅក្នុងឱកាសនេះដែរ លោកស្រីក៏បានថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការ សម្របសម្រួល ក្នុងការរៀបចំវគ្គបំប៉នដល់សិស្សានុសិស្សឲ្យទទួលបានជោគជ័យ ជាពិសេសលោកស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកនាយកឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ដែលកន្លងមកលោក បានចូលរួមឧបត្ថម្ភគាំទ្រគ្រប់សកម្មភាព ទាំងធនធាន បទពិសោធន៍ និងផ្តល់ឱកាសសម្រាប់យុវជន យុវនារីទាំងអស់នៅក្នុងខេត្ត បានចូលរួមបម្រើសង្គមជាតិ និងប្រជាជនពិតប្រាកដ។ ម៉្យាងវិញទៀតលោក បានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលខ្វះលទ្ធភាព បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្ស ដែលប្រឡងទទួលបាននិទ្ទេស A B C ផងដែរ។
ជាចុងក្រោយ លោកស្រី បាន ស្រីមុំ បានផ្តាំផ្ញើដល់ប្អូនៗសិស្សនុសិស្សទាំងអស់ «ត្រូវខិតខំសិក្សារៀនសូត្រ ប្រព្រឹត្តិខ្លួនឲ្យបានល្អនៅក្នុងសង្គម ដោយជៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ដូចចជា៖ គ្រឿងញៀន និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ហើយនាំគ្នាចូលរួមរក្សាការពារសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលនានា ដែលយុវជនយើងនាសម័យមុន បានបង្កើត និងបន្សល់ទុកមកឲ្យយើងដែលជាយុវជនជំនាន់ក្រោយ ដើម្បីជាកិច្ចតបស្នងមកប្រទេសជាតិយើងវិញ»។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ លោកស្រីក៏បានឧបត្ថម្ភសៀវភៅ មេរៀនដល់សិស្សានុសិស្សដែលចូលរួមក្នុងវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ និងថវិកាដល់សិស្សានុសិស្សដែលចូលរួមចំនួន ៦៣៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូចំនួន ៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន ២ម៉ឺនរៀលផងដែរ៕