(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន២ឃុំ មានឃុំសំរោងធំ និងឃុំគគីរធំ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានទទូចស្នើសុំដល់អាជ្ញាធរ និងមន្រ្តីជំនាញ ជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ បន្ទាប់ពីក្រុមហ៊ុនផានអ៊ីម៉ិច បានយកគ្រឿងចក្រទៅកាយផ្តាច់ផ្លូវ និងបានបំពានដីរបស់ពួកគាត់។
ប្រជាពលរដ្ឋ បានថ្លែងថា ដីបង្កបង្កើនផលរបស់ពួកគាត់ជាង៥០ហិកតា បាននិងកំពុងត្រូវបានក្រុមហ៊ុនទន្ទ្រានយក ដោយបានប្រើគ្រឿងចក្រឈូសឆាយផ្ដាច់ផ្លូវ និងលើកជាទំនប់បំពានយកតែម្តង។ គិតត្រឹមរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុននៅតែបន្តឈួសឆាយទៅលើដីរបស់ពួកគេដដែល ដោយមិនមានការជួយទប់ស្កាត់ណាមួយ ឲ្យមានប្រសិទ្ធភាពនោះទេ។
ប្រជាពលរដ្ឋ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ដីដែលក្រុមហ៊ុនផានអ៊ីម៉ិច បំពានយកនេះ ជាដីបង្កបង្កើនស្រូវប្រាំង និងដាំកក់ ដែលពួកគេបានអាស្រ័យផលតាំងពីដើមរៀងមក ប៉ុន្តែនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក៏ស្រាប់តែមានគ្រឿងចក្រមកកាយផ្ដាច់ផ្លូវ លើកទំនប់ព័ទ្ធយកដីតែម្ដង។ ពេលនោះ ប្រជាពលរដ្ឋក៏នាំគ្នាឆោឡោ និងប្រមូលគ្នាទៅហាមឃាត់គ្រឿងចក្រ ទើបដឹងថា ក្រុមហ៊ុនផានអ៊ីម៉ិច ជាអ្នកឲ្យគ្រឿងចក្រកាយព័ទ្ធធ្វើព្រំដី។
ទោះបីជាពលរដ្ឋនាំគ្នាហាមឃាត់បែបណាក៏ដោយ ក្រុមហ៊ុននៅតែធ្វើសកម្មភាព ទើបពលរដ្ឋផ្ដល់ដំណឹងនេះដល់អាជ្ញាធរ ហើយអភិបាលរងស្រុកម្នាក់ ក៏បានចុះទៅផ្អាកសកម្មភាពក្រុមហ៊ុន ទើបក្រុមហ៊ុនផ្អាក ប៉ុន្តែក្រុមហ៊ុន បានផ្អាកសកម្មភាពតែពេលថ្ងៃប៉ុណ្ណោះ ឯពេលយប់ពួកគេនៅតែលួចកាយព្រំបំពានទន្ទ្រានយកដដែល។
យ៉ាងណាក៏ដោយ នៅថ្ងៃដដែលនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយ ពីខាងក្រុមហ៊ុនបាននោះទេ ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបន្ថែមថា ដីដែលក្រុមហ៊ុនទន្ទ្រានយកនោះមានទំហំ៥៤ហិកតា ស្ថិតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ និងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានប្រជាពលរដ្ឋជាង២០០គ្រួសារ បានអាស្រ័យផល។
លោក ទេព ឈួន មេឃុំសំរោងធំ បានឲ្យដឹងថា ដីនោះពិតជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋប្រាកដមែន ហើយកន្លងមកដីមួយផ្នែក ប្រជាពលរដ្ឋបានលក់ឲ្យទៅក្រុមហ៊ុន នៅសល់ប្រជាពលរដ្ឋច្រើនទៀត មិនបានទាន់លក់ទេ។ ឯបញ្ហាដែលក្រុមហ៊ុនទន្ទ្រាននោះ អាជ្ញាធរបាននឹងកំពុងដោះស្រាយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋហើយ។
លោកបន្ថែមថា បញ្ហានេះកន្លងមកលោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ក៏បានចុះដោះស្រាយដែរ ប៉ុន្តែបញ្ហានៅត្រង់ថា មានប្រជាពលរដ្ឋមួយចំនួន មិនទាន់បានការដោះស្រាយគោលនយោបាយ នៅឡើយពីខាងក្រុមហ៊ុន៕