(ភ្នំពេញ)៖ ទីតាំងស្តុប និងចិញ្ចឹមគោ ក្របី សេះ សម្រាប់កាប់យកសាច់លក់ជាច្រើនទីតាំង នៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាពិសេសកុងស៊ីកាប់គោរបស់លោក ហ៊យ ហៀង ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ លើកឡើងថា បានជះក្លិនស្អុយ អសោចប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ ទើបពួកគេស្មើសុំឲ្យអាជ្ញាធរ និងមន្រ្តីជំនាញ ជួយប្តូរទីតាំងទៅកន្លែងថ្មីវិញ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រាប់អ្នកកាសែតថា ទីតាំងស្តុបគោ ក្របី និងសេះ សម្រាប់កាប់យកសាច់លក់មានជាច្រើនកន្លែ ជាពិសេសកុងស៊ីកាប់គោ របស់លោក ហ៊យ ហៀង នៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ជាប់នឹងតំបន់អភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ កំពុងតែបង្កផលប៉ះពាល់ដល់បរិស្ថាន ធំក្លិយស្អុយ អសោច និងបង្កជាជំងឺឆ្លងដល់មនុស្ស សត្វ និងការរស់នៅរបស់អ្នកភូមិជាខ្លាំង។ ដោយសារតែប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរបែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅជុំវិញទីនោះ បាននាំគ្នាធ្វើការអង្វរយ៉ាងទទូច ដើម្បីឲ្យមន្រ្តីជំនាញ ក៏ដូចជា អាជ្ញាធរខណ្ឌ ឬរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យ និងមានវិធានការណ៍ ដោយពួកគាត់សំណូមពរដល់ម្ចាស់ទីតាំងកាប់គោ លោក ហ៊យ ហៀង ប្តូរទីតាំងទៅកន្លែងផ្សេងឲ្យឆ្ងាយពី ភូមិឋានពួកគាត់រស់នៅ។
បើតាមប្រជាពលរដ្ឋ អាជីវកម្មចិញ្ចឹម ស្តុកសត្វគោក្របីទាំងអស់ សង្ស័យពុំមានច្បាប់អនុញ្ញាតឡើយ ហើយទីតាំងចិញ្ចឹមគោនោះ ពុំមានលក្ខណៈបចេ្ចកទេស និងអនាម័យគ្រប់គ្រាន់ទេ ដែលកំពុងតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងមានជំងឺងាប់រាលដាលទៅសត្វផ្សេងៗទៀត។
ពួកគាត់បន្តថា សត្វគោ ក្របី និងសេះ ដែលគេចិញ្ចឹមស្តុកទុកចូលកាប់ក្នុងកុងស៊ីលោក ហ៊យ ហៀង នោះពេលថ្ងៃគេលែងឱ្យចេញរកស៊ី ប្រសេកប្រសាចពេញផ្លូវ ពេញសួនច្បារ ក្នុងខណ្ឌជ្រោយចង្វារ បង្កជាគ្រោះថ្នាក់ចរាចរណ៍ ហើយរាល់គ្រោះថ្នាក់ចរាចរណ៍ម្តងៗ ពុំមានខាងណាចេញមុខមកទទួលខុសត្រូវឡើយ។ ប្រការនេះអាជ្ញាធរក៏ធ្លាប់បានណែនាំដល់ម្ចាស់កុងស៊ីកាប់គោនោះដែរ តែដូចជាគ្មានប្រសិទ្ធិភាពសោះ។
ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ទីតាំងចិញ្ចម និងស្តុបសត្វគោ ក្របី នៅភូមិដើមគមួយចំនួន មិនបានចូលកាប់នៅក្នុងកុងស៊ីទេ គឺគេកាប់នៅក្រៅកុងស៊ី តែគេនៅតែបង់លុយឱ្យទៅលោក ហ៊យ ហៀង ជាម្ចាស់កុងស៊ីដដែល។ ការដែលលោកហ៊យ ហៀង អនុញ្ញាតឲ្យមានការកាប់គោ ក្របី ក្រៅទីសត្តឃាតយ៉ាងអានាធិបតេយ្យនេះហើយ គឺបង្កឱ្យមានផលអវិជ្ជមានគ្រប់បែបយ៉ាង។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារធ្លាប់បានបញ្ជាក់ ខណៈចុះទៅដោះស្រាយវិវាទនៅក្នុងសុងស៊ីនោះ កាលពីចុងឆ្នាំ២០១៥ថា ក្រោយពីដោះស្រាយបញ្ហាទាំង១០ចំណុច ជូនក្រុមអាជីវកររួចរាល់ហើយនោះ លោកបានផ្ដល់ឱកាសឲ្យម្ចាស់ទីតាំងកុងស៊ីកាប់គោខាងលើ ក៏ដូចជា បងប្អូនក្រុមជីវករបន្តប្រកបរបរនេះត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ដោយរាប់គិតពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។
លោកបន្តថា ក្នុងនាមអាជ្ញាធរខណ្ឌ មិនអនុញ្ញាតឲ្យទីតាំងកុងស៊ីកាប់គោ ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ ដំណើរការទៀតឡើយនៅក្នុងទីក្រុង ព្រោះកុងស៊ីកាប់គោបច្ចុប្បន្នមានទីធ្លាតូចចង្អៀត និងជះក្លិនស្អុយប៉ះពាល់ផ្នែកបរិស្ថានជុំវិញនោះយ៉ាងខ្លាំង ពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែម្ដង ហើយម្យ៉ាងទៀត តំបន់នេះជាតំបន់អភិវឌ្ឍទីក្រុរណបជ្រោយចង្វារ។
ផ្ទុយទៅវិញ ប្រសិនបើទីតាំងកុងស៊ីកាប់គោ មានទីធ្លាធំទូលាយចាប់ពី២ហិចតាឡើងទៅ និងនៅកន្លែងឆ្ងាយពីទីក្រុង លោកអភិបាលនឹងស្នើរទៅមន្ទីរកសិកម្មរាជធានីភ្នំពេញ ឲ្យបងប្អូនក្រុមអាជីវករបន្តអាជីវកម្មតទៅទៀតបាន។
ជាមួយគ្នានោះលោក ឃ្លាំង ហួត ក៏បានសង្កត់ធ្ងន់ទៅលើអនាម័យ បរិស្ថាននិងសន្តិសុខ នៅក្នុងកុងស៊ីរួមទាំងទឹកស្អាតផង តម្រូវឱ្យលោក ហ៊យ ហ៊ាង រៀបចំឡើងវិញឱ្យល្អ មិនត្រូវរស់នៅបែបគ្មានអនាម័យដូច្នេះទេ ព្រោះវាមានក្លិនស្អុយណាស់ងាយនឹងចម្លងមេរោគផ្សេងយ៉ាងខ្លាំង ប៉ុន្តែមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ម្ចាស់កុងស៊ីមិនបានអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌឡើយ គឺបន្តអាជីវកម្មរបស់ខ្លួន យ៉ាងព្រងើយមិនក្រែងរអែងនឹងអាជ្ញាធរនោះទេ៕