(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F22B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ៖ ១៖តាមបណ្តោយមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ២៖ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ផ្សារថ្មីទី១, ២និង៣ ខណ្ឌដូនពេញ និងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
EDC បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F22B) មូលហេតុបណ្តាលមកពីក្រុមហ៊ុនឯកជន (CCEF) ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះកាបបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី។ បន្ទាប់ពីរកមូលហេតុឃើញហើយ ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្ត ជូនអតិថិជនឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕