(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅចុងខែឧសភានេះ ជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ពិសេសយុវជន ដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានការងារ កាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះ បានរួមចំណែក ជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិក របស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។
ជាក់ស្តែងសម្រាប់ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ NEA នឹងរៀបចំវេទិកាការងាររបស់ខ្លួន ដែលនឹងនាំយកឱកាសការងារចំនួន១០៦៤កន្លែង ពីក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ធនាគារ AEON, ក្រុមហ៊ុន EFG,ក្រុមហ៊ុន DKSH, បុរី ប៉េង ហួត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន Dynamics Pharma, Brown Coffee, GFX, Vatanac Investment, Chip Mong Insee និង Yinkok Food Corporation។ វេទិកាការងារ នេះនឹងរៀបចំនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។
វេទិកាការងារ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាស ការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយ តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានា ដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែង ក្នុងខែឧសភា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ រៀបចំកម្មវិធីវេទិកាការងារ និងកិច្ចសម្ភាសការងារដល់ទៅ៤ដង ដែលនាំយកឱកាសការងារជាង ២,២០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន២២ ក្រុមហ៊ុន។
លោកស្រី ណុប ស៊ីវណ្ណា ប្រធានផ្នែកធនធានមនុស្ស និងបណ្តុះបណ្តាលរបស់ធនាគារAEONលើកឡើងថា «ធនាគារ AEON ត្រូវការជ្រើសរើសបុគ្គលិក ជាងមួយរយនាក់ ដើម្បីបម្រើការងារទាំងនៅរាជធានីភ្នំពេញ និងសាខានៅតាមបណ្តាខេត្តមួយចំនួន។ កន្លងមកយើងសង្កេតឃើញផ្សារទំនើប AEON Mall បានចូលរួមក្នុងវេទិកាការងារ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ ហើយសង្កេតឃើញថា មានបេក្ខជនមកដាក់ពាក្យច្រើន ហើយភាគច្រើនល្អៗ និងមានសមត្ថភាព។ ដូច្នេះ ក្រុមហ៊ុននៅតែបន្តសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ ដោយឡែកសម្រាប់អ្នកដែលចូលរួមជាមួយវេទិកាការងារខាងមុខ ខាងក្រុមហ៊ុន លើកទឹកចិត្តដោយសម្ភាសតែម្តងទេ បានន័យថាសម្ភាសភ្លាមដឹងជាប់ ឬធ្លាក់ភ្លាម តែសម្រាប់អ្នកដែលដាក់ CV តាមរយៈក្រុមហ៊ុនយើងសម្ភាសពីរដង»។
ជាមួយគ្នានោះ លោកស្រីបានជំរុញឲ្យអ្នកស្វែងរកការងារធ្វើ សិស្ស/និស្សិត ដែលចង់ទទួលបានការងារ មិនថានៅធនាគារបស់លោកស្រី ឬក្រុមហ៊ុនផ្សេងទៀត ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ដឹងនូវមុខតំណែងអ្វីដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ឬចង់ទទួលបានបទពិសោធន៍ស្វែងរកការងារពីអ្នកជំនាញ អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងារនេះបាន ដែលនឹងប្រព្រឹត្តិទៅនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕