(កោះកុង)៖ សមិទ្ធផលជាច្រើន ដែលបានចំណាយថវិកា សាងសង់អស់ទឹកប្រាក់ចំនួន២២,២២៥.០១ដុល្លារអាមេរិក សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា ស្ថិតនៅក្នុងវត្តរុក្ខសិលារាម (ហៅវត្តតាកាត) ស្ថិតនៅភូមិតាកាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងទឹក និងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងពិធីនេះដែរក៏មានការ ចូលរួមពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងព្រះសង្ឃនិមន្តចូលរួម២១វត្ត មាន៤១១អង្គ និងប្រជាពលរដ្ឋចំនួន៥៥០០នាក់ផងដែរ។
លោកស្រី មិថុនា ភូថង បានថ្លែងថា នេះជាសក្ខីភាពមួយ ដែលលោកស្រីមន្រ្តីរាជការប្រជាពលរដ្ឋបាន មកចូលរួមក្នុងការសម្ភោធសមិទ្ធផលនានាក្នុងវត្តរុក្ខសិលារាម ដែលត្រូវបានកសាងឡើង ក្នុងរយៈពេលជាច្រើនឆ្នាំ មានការប្រែប្រួល និងរីកចម្រើនជាបន្តបន្ទាប់។ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់រួចមក ប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ ហើយវិស័យពុទ្ធសាសនា គឺមានសារៈសំខាន់ណាស់ ការដឹកនាំ ការអប់រំ និងការរស់នៅផ្អែកទៅលើសាសនា ព្រោះការរស់នៅមាន ការអប់រំប្រៀនប្រដៅកូនចៅ ការធ្វើអំពើល្អ សីលធម៌ គុណធម៌ ការមិនចងពារ ការរំងាប់ពារ ដោយការមិនចងពានេះហើយ ផ្អែកលើការប្រៀនប្រដៅរបស់សាសនា។
លោកស្រីបានបន្តថា ប្រទេសជាតិយើងបច្ចុប្បន្នមិនដូច ពីមុនទេយើងត្រូវការអភិវឌ្ឍប្រទេស ដូច្នេះយើងត្រូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ មិនដូចកាលពីសម័យ ប៉ុល ពតទេ ត្រូវបានបំបាត់ចោលទាំងអស់ អញ្ចឹងបានមានការកាប់សម្លាប់គ្នា ការមើលងាយ និងការមិនគោរពគ្នា តែក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានភាពរីកចំរើនលើគ្រប់វិស័យ និងមានការរីកលូតលាស់ផ្នែកធនធានមនុស្សខ្ពស់ផងដែរ។
លោកនាយឧត្តមនាវី ទៀ វិញ ក៏បានថ្លែងដែរថា លោកនឹងក្រុមការងារថ្ងៃនេះ មានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានឃើញ សម្ធិផលនានាវត្តរុក្ខសិលារាម មានភាពរីកចំរើន ផ្នែកវិស័យសាសនា ហើយបានដាក់សម្ភោធឲ្យបានប្រើប្រាស់ជាផ្លូវការ ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមតម្រូវការរបស់បងប្អូន។ ទន្ទឹមនឹងនេះដែរសូមស្នើឲ្យបងប្អូនប្រជាពលរដ្ឋមើលឲ្យឃើញនៅភាពជាក់ស្តែង ដែលការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍប្រទេសឲ្យមានភាពរីកចំរើនលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ហេតុដូច្នេះបងប្អូនត្រូវតែជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ហើយសូមបោះទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិមានភាពរីកចំរើន សុខសន្តិភាព សេរីភាពរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកុំជឿលើការញុះញ៉ុងរបស់ទណ្ឌិត សម រង្សី ជាជនក្បត់ជាតិ ដែលមិនមកជួយដោះទុក្ខបងប្អូននោះទេ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅជាមួយបងប្អូនទាំងយប់ ទាំងថ្ងៃមិនថាជិតឬឆ្ងាយនោះទេ មិនប្រកាន់ពូជសាសន៍ ឲ្យតែប្រជាពលរដ្ឋមានបញ្ហាអ្វីកើតឡើងគណបក្សប្រជាជនកម្ពុជា តែងតែចុះដល់ទីតាំងភ្លាមដោយមិនគិតពីភាពលំបាកអ្វីឡើយ។
លោកបានថ្លែងបញ្ជាក់ទៀតថា ប្រទេសជាតិបានជួបប្រទះសង្គ្រាម និងតំណាក់កាលលំបាកជាច្រើន ហើយអ្វីដែលនៅសេសសល់ និងដែលយើងមានជីវិត រស់នៅមកដល់សព្វថ្ងៃនេះ គឺជាសំណាងហើយ។ ការរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃ៧ មករា ហើយចាប់ផ្តើមពីពេលនោះ មកគឺរដ្ឋាភិបាល បានខិតខំតស៊ូ ដឹកនាំកសាងប្រទេសឡើងវិញ។
លោកក៏បានថ្លែងអរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលបម្រើ ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរហើយលោកក៏បានពាំនាំនូវអំណោយរបស់សម្តេចតេជោ មានដូចជា អង្ករ សារ៉ុង សម្លៀកបំពាក់តាជីយាយជី សម្ភារៈសិក្សាមួយចំនួន ជូនដល់ប្រជាពលរដ្ឋនឹងសិស្សានុសិស្សផងដែរ៕