(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ និងលោកវរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា២គោលដៅ ពេញមួយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។
ពេលព្រឹកចំនួន២គោលដៅ កម្លាំងសរុបចំនួន២៥នាក់៖ គោលដៅទី១៖ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១១នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងគោលដៅទី២៖ ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
ពេលល្ងាចចំនួន២គោលដៅ កម្លាំងសរុបចំនួន២៤នាក់៖ គោលដៅទី១៖ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១០នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងគោលដៅទី២៖ ដឹកនាំដោយលោក វរសេនីយ៍ត្រី មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន១៦៨គ្រឿង ដូចខាងក្រោម៖
ទី១៖ ពិន័យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន១៤៤គ្រឿង
ទី២៖ ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១៧គ្រឿង
ទី៣៖ ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន២គ្រឿង
ទី៤៖ ពិន័យអ្នកបើកបរម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ម្នាក់
ទី៥៖ ពិន័យអ្នកបើកបររថយន្តធុនធំចូល ក្នុងក្រុងខុសពេលវេលាកំណត់ចំនួន៤គ្រឿង៕