(កណ្តាល)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញបើកការដ្ឋានសា្ថបនាផ្លូវបេតុង០១ខ្សែ ដែលមានទទឹង០៥ម៉ែត្រ និងបណ្តោយប្រវែង១៦០ម៉ែត្រ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរ និងដឹកកសិផលយកទៅលក់ ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់កាន់តែខ្លាំងឡើង។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ណុប រតនៈ ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានឃុំព្រែកស្លែង, លោក អ៊ិត ឋានរ័ត្ន អនុប្រធានទី១, លោក ឆែម រតនៈវិសាល អនុប្រធានទី២ គណៈពង្រឹងឃុំព្រែកស្លែង និងមានការចូលរួមពីសំណាក់លោក អ៊ួច សៅវឿន អភិបាលរងស្រុកកណ្តាលស្ទឹង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ២២៣នាក់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ក្រុមការងារកំពុងស្ថាបនា និងជួសជុលផ្លូវដែលខូចខាត ដែលមានសភាពខូចខាតទូទាំង៤ភូមិ ក្នុងឃុំព្រែកស្លែងតែម្តង ដើម្បីបំរើប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង រួចមក លោកបានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជន ដឹកនាំប្រទេសជាតិកាន់តែសន្តិភាព និងរីកចំរើនខ្លាំងឡើង៕