(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ គណបក្សនយោបាយចំនួន១៨ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ចូលខ្លួនបង្ហាញកម្មវិធីនយោបាយរបស់ខ្លួននៅលើវេទិកាតុមូលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា។
គណបក្សនយោបាយចំនួនពីរមិនបានចូលរួមវេទិកាដេញដោលគោលនយោបាយគ្នានេះទេ។ គណបក្សទាំងពីរនោះគឺគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធ ដេីម្បីប្រជាធិបតេយ្យ។
រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ការរៀបចំវេទិកានេះក្នុងគោលបំណងផ្តល់ឱកាសស្មើៗគ្នាដល់គណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្នុងការបង្ហាញ និងពិភាក្សាដេញដោលអំពីកម្មវិធីនយោបាយរបស់ខ្លួន។
វេទិកានេះ ក៏ជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានចូលរួមស្តាប់ និងសាកសួរដេញដោលអំពីកម្មវិធិនយោបាយសំខាន់របស់គណបក្សនានា ដែលចូលរួមក្នុងការបោះឆ្នោត, ប្រមូលចងក្រងកម្មវិធីនយោបាយ និងការសន្យានយោបាយទាំងឡាយរបស់គណបក្សនយោបាយនានាទាំងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ ដើម្បីតាមដានការអនុវត្តការសន្យានយោបាយទាំងនោះនៅពេលគណបក្សឈ្នះឆ្នោត។
បន្ថែមពីលើនេះ ការរៀបចំវេទិកាតុមូលនេះ ក៏ជាការចូលរួមចំណែកលើកកម្ពស់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាផងដែរ។
សូមជម្រាបថា គណបក្សនយោបាយចំនួន១៨ដែលចូលរួមបង្ហាញគោលនយោបាយរបស់ខ្លួននាព្រឹកនេះរួមមាន៖
១៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
២៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៦៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៧៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៩៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សធម្មាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល
១១៖ គណបក្សមាតុភូមិយើង ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១២៖ គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៣៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
១៤៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។
១៥៖ គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។
១៦៖ គណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។
១៧៖ គណបក្សរស្មីខេមរា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ៧មណ្ឌល។
១៨៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១១មណ្ឌល៕