(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុកឲ្យដឹងថា សមិទ្ធផលថ្មីដែលយើងគ្រប់រួមគ្នាសម្រេច នាបច្ចុប្បន្ននេះ គឺបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា កម្ពុជា ពិតជាការរីកចម្រើនពិតប្រាកដមែន។
ការថ្លែងដូចនេះរបស់លោក ជា ចាន់តូ នេះធ្វើឡើងនាឱកាសដែលលោក និងលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់កុដិថ្មី និង សមិទ្ធផលនានាក្នុងវត្តកំពង់ថ្ម ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែ ឧសភាឆ្នាំ២០១៨។
លោក ជា ចាន់តូ បានបញ្ជាក់ថា ការរីកចំរើន និងការអភិវឌ្ឍដែលប្រទេសជាតិ ព្រមទាំងប្រជាជនកម្ពុជាទទួលបានដូចថ្ងៃនេះ គឺអាស្រ័យដោយប្រទេសមានសុខសន្ដិភាពពេញលេញ ហើយសុខសន្ដិភាពនេះកើតចេញមកពី នយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បើគ្មានសម្ដេចទេប្រទេសកម្ពុជា ក៏គ្មានសុខសន្ដិភាព ការរីកចម្រើនស្ទើរគ្រប់វិស័យដូចពេលនេះដែរ។
លោកបន្ដថា សន្តិភាពជាតម្លៃធំធេងណាស់សម្រាប់ប្រជាជន និងកាអភិវឌ្ឍប្រទេសជាតិ ក្នុងនោះរួមទាំងស្ថិរភាពខាងនយោបាយនផងដែរ។ សន្តិភាពនេះក៏ជាដើមទុនដ៏ធំមួយមិនអាចកាត់ថ្លៃបានឡើយ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន។
លោក ជា ចាន់តូ បានបន្តទៀតថា ដើម្បីឲ្យកម្ពុជាមានការអភិវឌ្ឍបន្តទៀត យើងត្រូវរួបរួមសាមគ្គីគ្នាការពារថែរក្សាសុខសន្តិភាព និងសមិទ្ធផលដែលបានកសាងមកនេះ ឲ្យបានគង់វង្សហើយគប្បីរួមគ្នាការពារកុំឲ្យកម្ពុជាធ្លាក់ ក្នុងដានប្រវត្តិសាស្ត្រចាស់ ដែលកម្ពុជាបានឆ្លងកាត់កន្លងមកតទៅទៀត។
សូមបញ្ជាក់ថា កុដិថ្មថ្មីមួយខ្នងមានទំហំ១៣ម៉ែត្រគុណនិង១០,២០ម៉ែត្រ និងសមិទ្ធផលនានាមួយចំនួនទៀតរបស់វត្តកំពង់ថ្ម ដែលដាក់សម្ពោធនាថ្ងៃនេះ កសាងឡើងដោយចំណាយថវិកាជាង២៤២លានរៀល និងប្រាក់ដុល្លជិត៦ម៉ឺនដុល្លាអាមេរិក ដែលបច្ច័យទាំងនេះ បានមកពីសុទ្ធាជ្រះថ្លាររបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ពិសេសលោក ជា ចាន់តូ និង លោកស្រី។
ក្នុងឱកាសនោះលោក ជា ចាន់តូ ក៏បានាំយកនូវអំណោយដ៏ថ្លៃថ្លាររបស់សម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនោះមានបច្ច័យចំនួន២០លានរៀលប្រគេនដល់វត្តកំពង់ថ្ម និងចែកជូនថវិកាក្រណាតស ជូនលោក យាយ លោកតា ប្រមាណ២០០នាក់ ព្រមទាំងចែកជូន សារុង ថវិកា សម្ភារៈសិក្សា ដល់លោកគ្រូ អ្នកគ្រូ៥នាក់ និងសិស្សានុសិស្សចំនួន៣០០នាក់ផងដែរ ៕