(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍កីឡាជាតិ លើកទី២ បានបញ្ចប់ការប្រកួតថ្ងៃទី៣ ហើយ បើគិតត្រឹមល្ងាចថ្ងៃទី២៧ ខែឧសភានេះ ដោយក្រុមអត្តពលិករាជធានីភ្នំពេញ នៅតែរក្សាភាពខ្លាំង ដោយបន្ដឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ស្របពេលក្រុមអត្តពលិកខេត្តត្បូងឃ្មុំ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការដណ្ដើមបានមេដាយជាបន្ដបន្ទាប់ ក្រោយរងការស្ដីបន្ទោសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលដណ្ដើមមិនបានមេដាយសូម្បីតែ ១គ្រឿងកាលពីកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ។
ក្រោយបញ្ចប់ការប្រកួតរយៈពេល ៣ថ្ងៃមកនេះ ក្រុមអត្តពលិករាជធានីភ្នំពេញ គឺដណ្ដើមបានមេដាយច្រើនជាងគេសរុប ៣៤គ្រឿងមានមេដាយមាស ១៥, ប្រាក់ ១២ និងសំរឹទ្ធ ៧ ។ ចំណែកក្រសួងមហាផ្ទៃ នៅតែបន្ដតាមពីក្រោយ ដោយដណ្ដើមបានមេដាយសរុប ៣០គ្រឿងមានមេដាយមាស ១៣, ប្រាក់ ៨ និងសំរឹទ្ធ ៩ ស្របពេលក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានហក់ឡើងមកឈរលេខរៀងទី៣ ជាមួយនឹងការដណ្ដើមបានមេដាយសរុប ១០គ្រឿងមានមេដាយមាស ៥, ប្រាក់ ៤ និងសំរឹទ្ធ ១ ។
ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលពេលនេះ គឺក្រុមអត្តពលិកខេត្តត្បូងឃ្មុំ ដែលធ្លាប់តែគ្មានមេដាយសូម្បីតែ ១គ្រឿងកាលពីកីឡាជាតិ លើកទី១ បច្ចុប្បន្នពួកគេកំពុងឈរលេខរៀងទី៥ ក្នុងចំណោមអត្តពលិកមកពី ២៨រាជធានី-ខេត្ត និងក្រសួង ក្រោយដណ្ដើមបានមេដាយសរុប ៨គ្រឿងមានមេដាយមាស ៤, ប្រាក់ ៣ និងសំរឹទ្ធ ១ ។ សមិទ្ធិផលណ្ដោះអាសន្ននេះ គឺសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាក្នុងខេត្តកូនពៅរបស់កម្ពុជានេះ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើការដាស់តឿនថ្នាក់ដឹកនាំខេត្តឲ្យយកចិត្តទុកដាក់លើវិស័យកីឡា ។
សូមរំឮកថា កាលពីកីឡាជាតិ លើកទី១ ខេត្តត្បូងឃ្មុំ គឺជាខេត្តតែមួយគត់ ដែលដណ្ដើមមិនបានមេដាយសោះ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសក្នុងពិធីបិទ និងបានក្រើនរំឭកថ្នាក់ដឹកនាំខេត្តឲ្យគិតគូពីវិស័យកីឡាឡើងវិញ ។ សម្ដេចមានប្រសាសន៍ពេលនោះថា «ខេត្តត្បួងឃ្មុំ គឺជាខេត្តធំមួយ ដោយមានប្រជាជនជិត ១លាននាក់ ប៉ុន្ដែបែរជាគ្មានមេដាយសោះតែម្ដង។ នេះជាការដាស់តឿន ចំពោះអភិបាល គណៈអភិបាលខេត្ត ដែលត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការទាំងអស់នេះ ហើយក៏ជាការដាស់តឿខេត្ដដទៃទៀត ដែលដណ្ដើមបានមេដាយត្រឹមតែ ១គ្រឿង ឬគ្មានមេដាយមាស ដើម្បីចូលរួមការងារអភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកច្រើនបន្ថែមទៀត» ។
គួរបញ្ជាក់ថា ចំពោះការប្រកួតកីឡាជាតិ លើកទី២ ទើបដំណើរការការប្រកួតបាន ៣ថ្ងៃប៉ុណ្ណោះ ខណៈការប្រកួតនឹងបន្ដរហូតដល់ថ្ងៃទី០៤ ខែមិថុនា ទើបបញ្ចប់ ពោលគឺនៅសល់រយៈពេល ៨ថ្ងៃទៀត ។ ខាងក្រោមនេះ គឺជាតារាងចំណាត់ថ្នាក់មេដាយបណ្ដោះអាសន្ន ដែលក្រុមអត្តពលិកមកពី ២៨រាជធានី-ខេត្ត និងក្រសួង ដណ្ដើមបានគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨៖