(កំពង់ចាម)៖ ផ្ទះប្រជាពលរដ្ឋសុរបចំនួន៤៩៦ខ្នង ត្រូវខ្យល់កន្ដ្រាក់វាយប្រហារបណ្ដាលឲ្យដួលរំលំរងការខូចខាត និងរបួសមនុស្សមួយចំនួនផងដែរ នៅឃុំសណ្ដែក និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
ក្រោយទទួលព័ត៌មានអំពីខ្យល់កន្ដ្រាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងអន្ដរាគមន៍ជាង២០០នាក់ ចុះទៅជួយរុះរើ-ជួសជុល និងសាងសង់ផ្ទះ ជំរកបណ្តោះអាសន្នជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះនោះ នៅឃុំសណ្តែក៣៨៥ខ្នង (ធ្ងន់២០ខ្នង) របួសមនុស្ស២នាក់ និងឃុំត្រប់១១១ខ្នង (ធ្ងន់១១ខ្នង) និងបានចាត់តាំងកម្លាំងប្រចាំការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ជូនដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយទាំងអស់នោះ រហូតដល់ពួកគាត់មានជីវភាពរស់នៅដូចធម្មតាវិញ។ លោកស្នងការបានទៅសួរសុខទុក្ខ អ្នករបួស២នាក់ សំរាកនៅពេទ្យស្រុកបាធាយ និងផ្តល់ជូនភេសជ្ជ ថវិកាផងដែរ។
សូមជម្រាបថា ដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរ ចំនួន៨០៦ខ្នង ខណៈពលរដ្ឋ១៧នាក់ បានស្លាប់ និងរបួស ព្រមទាំងមានរន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន៣៣នាក់ និងងាប់គោ-ក្របី ចំនួន៤០ក្បាល៕