(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀងលើកឡើងថា ប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ គឺដោយសារគណបក្សប្រជាជនកម្ពុជា មិនមែនបានដោយគណបក្សប្រឆាំងណាមួយនោះឡើយ។
លោក ជុក មុន្នី បានថ្លែងបែបនេះ ខណៈដែលលោកចុះសំណេះសំណាលសួរសុខទុក្ខគ្រួសារគណបក្សប្រជាជនកម្ពុជា ២៥០គ្រួសារ នៅក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។ សកម្មភាពនេះ រួមដំណើរដោយ លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង។
ក្នុងឱកាសនោះ លោកជុក មុន្នី ក៏បានកោតសរសើរដល់សាខាបក្សភូមិទាំងអស់ ដែលបានចងក្រងសៀវភៅក្រុមបក្ស។ លោក បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសបន្តទៀត។
ជាមួយគ្នានេះ លោក កែរ រដ្ឋា បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសមិទ្ធិផលសម្រេចបានយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក។ លោកបានបញ្ជាក់ថា លោកស្រី ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និង លោក ម៉ែន វិបុល ប្រធានគណបក្សខេត្ត ធ្វើឲ្យខេត្តស្វាយរៀង កែប្រែមុខមាត់ និងរីកចម្រើនហួសពីការស្មាន។
លោក កែរ រដ្ឋា បានបន្ថែមទៀតថា លោក ឌី វិជ្ជា ដែលជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងស្វាយរៀង និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង បានខិតខំប្រឹងប្រែងជាមួយ អភិបាលខេត្ត ប្រែក្លាយទីក្រុងស្វាយរៀង ជាទីក្រុងស្អាត ទទួលបានរំដួល២ទងក្នុងឆ្នាំនេះ និងបានរៀបចំសង្រ្កាន្តស្វាយរៀងយ៉ាងអធិកអាធម ដែលមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់ចូលរួមកំសាន្តសប្បាយផងដែរ៕