(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន ចំនួន៣៣៣នាក់ នៅភូមិអូរពោធិ ឃុំរម្មណី ស្រុករវៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ថ្លែងសំណេះសំណាលជាមួយសមាជិកថ្មីក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី ដែលបានសម្រេចចិត្ត មករួមរស់ជីភាពនយោបាយ ជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាបន្តអភិវឌ្ឃន៍សង្គមជាតិ ក៏ដូចជាមូលដ្ឋាន ជាពិសេសការសម្រេចជ្រើសរើស យកគណបក្សប្រជាជនរបស់បងប្អូន គឺជាការត្រឹមត្រូវព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះបងប្អូនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។
លោកក៏បានផ្តោតសំខាន់ ទៅលើខ្លឹមសារស៊ីជម្រៅ និងផ្សព្វផ្សាយឲ្យសមាជិក-សមាជិកាទាំងអស់ បានយល់ច្បាស់អំពីកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលដ៏ខ្លីខាងមុខនេះ។
លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវចិញ្ចឹមចលនា ធ្វើជាមន្ដ្រីល្អ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ពិសេសត្រូវបន្តខិតខំធ្វើអំពើល្អ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំ របស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ។ ម៉្យាងវិញទៀត ត្រូវចូលរួមលើកម្ពស់ការពារ តម្លៃនៃសុខសន្ដិភាព បន្ដជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន ដោយចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង សម្រាប់អនាគតកូនចៅបន្តទៅទៀត កុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួន៕