អតីតអ្នកគាំទ្របក្សប្រឆាំង ចំនួន៤០០នាក់ នៅសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធិគណបក្សប្រជាជនកម្ពុជា
27-05-2018 18:09
(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមពិធីប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់គោកចក ចំនួន៤០០នាក់ ក្នុងនោះស្រី១៧៥នាក់ ដែលជាអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
ថ្លែងក្នុងពិធីប្រកាសបញ្ចូលជាសមាជិកនេះ លោក ឃឹម ប៊ុនសុង បានផ្តាំផ្ញើដល់សមាជិកថ្មី ត្រូវធ្វើការកៀរគរសមាជិកបន្ថែម ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជា តែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ជាមួយគ្នា លោកប្រធានគណបក្សខេត្ត បានផ្តាំផ្ញើបន្ថែមថា ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខកុំបីខាន ព្រោះថាសមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក។
ក្នុងពិធីប្រកាសនេះដែរ លោក ឃឹម ប៊ុនសុង ក៏បានផ្តល់ថវិកា ដល់សមាជិក៤០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕