(ប៉ៃលិន)៖ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) លោកស្រី បាន ស្រីមុំ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលរឹងមាំ មានភាពចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកស្រី បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។

លោកស្រីថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកស្រី និងលោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋជាង ១ពាន់នាក់ នៅភូមិអូរច្រាកណ្តាល ភូមិអូរច្រាលើ ភូមិចំការកាហ្វេរ ភូមិទួលល្វា និងភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ ថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំបក្សនៅមូលដ្ឋាន ឲ្យចុះសាកសួរសុខទុក្ខ និងខិតខំដោះស្រាយបញ្ហាជាបន្តបន្ទាប់។

លោកស្រីបញ្ជាក់ថា ជាក់ស្តែងនៅពេលនេះ ក្រុមការងារចុះមកសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្ទាល់តែម្តង ដើម្បីស្តាប់នូវសំនូមពរ និងការលំបាក សម្រាប់ចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនេះ លោកស្រី បាន ស្រីមុំ បានចំណាយថវិកាផ្ទាល់ខ្លួនជួយជួសជុលផ្លូវលំប្រវែង ២,០០០ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋភូមិទួលល្វាផងដែរ៕