(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានថ្លែងទទូចទៅកាន់មន្រ្តីតាមមូលដ្ឋាន ឲ្យចុះត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុកទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ហើយត្រូវជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកតំណាងរាស្ត្រ ជា អឿង បានថ្លែងបែបនេះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងកិច្ចសំណេះសំណាលនោះ លោក ជា អឿង ក៏បានណែនាំអាជ្ញាធរមូលដ្ឋានបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដូចជា ការដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ដើម្បីទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយឈានទៅទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត នីតិកាលទី៦ នៅចុងខែកក្កដា ជាក់ជាមិនខានឡើយ។
អ្នកតំណាងរាស្ត្ររូបនេះបន្តថា មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តន៍ឲ្យបាននូវអភិក្រមទាំង ៥ចំណុចគឺ៖ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។
លោក ក៏បានឲ្យដឹងទៀតថា មន្ត្រីត្រូវចូលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃ នៃការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ចំពោះយុវវ័យត្រូវខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់ការប្រៀនប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដើម្បីទទួលយកនូវពុទ្ធិល្អៗ សម្រាប់លើកស្ទួយប្រទេសជាតិឲ្យមានការរីកចម្រើនផងដែរ៕