(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី ប្រមាញ់ចាប់បានហើយជនសង្ស័យជាឃាតកដែលសម្លាប់មនុស្ស យកទៅបោះចោល ក្នុងទឹកស្រះយ៉ាងសាហាវព្រៃផ្សៃ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ៨៖៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពិនិត្យលើកសាកសពជនរងគ្រោះឃើញថា ករណីឃាតកម្មសម្លាប់ជនរងគ្រោះ ហើយអូសទម្លាក់ទឹកស្រះ បានកើតឡើងអំឡុងម៉ោង ១១៖០០យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

លោកបន្តថា ជនសង្ស័យឈ្មោះ អ៉ីវ ប៊ុនម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ជនរងគ្រោះឈ្មោះ សុខ កង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំខាងលើដូចគ្នា។

គួររម្លឹកថា កាលពីម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០១៨ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសរងគ្រោះនៅក្នុងទឹកស្រះចម្ងាយពីរោងការប្រមាណ ២០០ម៉ែត្រ ហើយបានរាយការណ៍ជូនកម្លាំងនគរបាល។

ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលជំនាញ បានចុះស្រង់សាកសព និងពិនិត្យមើលឃើញមានស្នាមវាយជាច្រើនកន្លែង ហើយរកឃើញកំណាត់ឈើដើមចាន់គីរី ប្រវែងជិត ១ម៉ែត្រ ដែលកាច់ពីដើមយកមកវាយទៅលើជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រោយពេលស្រាវជ្រាវ សាច់ញាតិ និងគ្រួសាររងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះទៅផឹកស៊ីនៅរោងការអ្នកជិតខាងក្នុងភូមិនៅម៉ោង ៦៖០០ល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៨ រហូតដល់ម៉ោង ១១៖០០យប់ថ្ងៃដដែល មិនឃើញមកផ្ទះវិញនោះទេ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតមែន ដោយជនរងគ្រោះផឹកស៊ីស្រវឹងនៅរោងការ ហើយមានទំនាស់ពាក្យសម្តី ព្រមទាំងបានវាយ និងឡើងជង្គង់ទៅខ្លួន ទើបខ្លួនខឹងហើយលួងលោមបបួល និងជូនទៅផ្ទះ។

ជនសង្ស័យបន្តថា ពេលចេញពីរោងការបានប្រមាណជិត ២០០ម៉ែត្រ ដល់កន្លែងស្ងាត់ ខ្លួនក៏បានកាច់មេឃដើមចាន់គីរីក្បែរផ្លូវប៉ុនកដៃ វាយទៅលើជនរងគ្រោះបណ្តាលដួលសន្លប់ ហើយអូសទម្លាក់ចូលទឹកស្រះតែម្តង។

យោងតាមចម្លើយសារភាព និងវត្ថុតាងធ្វើឃាតកម្ម កម្លាំងនគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕