(ព្រៃវែង)៖ ករណីទំនាស់ដីធ្លីមួយរវាងក្រុមហ៊ុន «ឌិន សត្យា» និងម្ចាស់ដីនៅក្រុងព្រៃវែង ដែលបានធ្វើឲ្យអតិថិជនមួយចំនួនកើតការមិនទុកចិត្ត ហើយបានប្តឹងទាមទារយកលុយវិញនោះ ពេលនេះត្រូវបានក្រុមហ៊ុនចេញមុខប្រកាសថា ក្រុមហ៊ុននឹងទទួលខុសត្រូវទាំងអស់ចំពោះអតិថិជន ដោយមិនរត់ទៅណាទេ ហើយសម្រាប់អតិថិជនមួយចំនួន ដែលមិនទាន់បានទទួលបា្រក់ពីក្រុមហ៊ុន សូមអញ្ជើញមកទទួលយកពីក្រុមហ៊ុនបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។
តំណាងក្រុមហ៊ុន «ឌិន សត្យា» បានបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋជាអតិថិជនរបស់ក្រុមហ៊ុនមួយចំនួនតូច នៅក្រុងព្រៃវែង ដែលមានការភាន់ច្រឡំខ្លះៗ មកលើក្រុមហ៊ុន ដោយចោទថា ក្រុមហ៊ុនរកស៊ីបោកប្រាស់អតិថិជន ប៉ុន្តែធាតុពិតក្រុមហ៊ុន គឺមិនដែលបោកប្រាស់អតិថិជនណាម្នាក់នោះទេ។
តំណាងក្រុមហ៊ុនមួយនេះ បានបន្ថែមថា ជុំវិញរឿងរ៉ាវខាងលើនេះ ខាងក្រុមហ៊ុន ក៏មានការខាតបង់ច្រើនដែរ ប៉ុន្តែក្រុមហ៊ុននៅតែមានជំហរទទួលខុសត្រូវខ្ពស់ ចំពោះអតិថិជនជានិច្ច ដោយកន្លងមកក្រុមហ៊ុនបានអញ្ជើញអតិថិជននៅក្រុងព្រៃវែង ឲ្យមកដកយកលុយវិញជាបន្តបន្ទាប់ ហើយអតិថិជនមួយចំនួនទៀត ដែលនៅមិនទាន់បានដកយកលុយវិញទេនោះ ក៏សូមអញ្ជើញមកដកយកប្រាក់វិញបាន នៅការិយាល័យធ្វើការរបស់ក្រុមហ៊ុន។
ការិយាល័យរបស់ក្រុមហ៊ុន ស្ថិតនៅផ្ទះលេខ៣២ ផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរសព្ទ័លេខ ០២៣ ៦២៧ ៨៨៨៨ និង ០៨៦ ៣១២ ៩០០ និងលេខ ០១៧ ៣៤៩ ៩០០។
ក្នុងករណីអតិថិជនមានការសង្ស័យមិនច្បាស់ ដោយប្រការណាមួយ គឺអាចអញ្ជើញមកទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់ ជាមួយបុគ្គលិកក្រុមហ៊ុន ដែលរងចាំស្វាគមន៍រៀងរាល់ម៉ោងធ្វើការ និងជារៀងរាល់ថ្ងៃ។