(ភ្នំពេញ)៖ លោក អ៉ិត សំហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌចំការមន រាជធានីភ្នំពេញ បានជំរុញសមាជិកបក្សជាង ៣ពាន់នាក់ នៅសង្កាត់បឹងកេងកង១ ត្រូវបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ។ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងវឌ្ឍនភាពរបស់ជាតិកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជាង ៣,០០០នាក់ មកពីសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង បានកោតសរសើរដល់សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកេងកង១ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅអាណត្តិទី៥ កន្លងមក ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្កាត់ សម្រេចបានរាល់សមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះការអភិវឌ្ឍគម្រោងអចលនទ្រព្យ ដែលជាសក្ដានុពលដ៏សំខាន់មួយផងដែរនៅរាជធានីភ្នំពេញ។
លោក អ៉ិត សំហេង បានថ្លែងដូច្នេះថា «សមាជិកគណបក្សប្រជាជនកម្ពុជាមានស្មារតីសាមគ្គីគ្នាយ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលធ្វើឲ្យគ្រប់ការបោះឆ្នោតនាពេលកន្លងមក តែងតែបានទទួលជោគជ័យ។ សមាជិកគណបក្សប្រជាជនទាំងអស់នាំគ្នា ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយត្រូវធានាឲ្យបានជាដាច់ខាតថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ សន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក ដើម្បីគណបក្សទទួលបានជោគជ័យ បន្តរក្សាការពារសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៀត»៕