(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយលោកស្រី ចឹក ហេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទកម្ពុជាខេត្ត បាននាំអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា យកទៅប្រគល់ជូនដល់ជនពិការ និងចាស់ជរាមកពី ៧ឃុំ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលសម្តេចទាំងពីរនាក់ តែងគិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា អំណោយកាកបាទក្រហមកម្ពុជា គឺជាអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយនោះទេ។ ជាក់ស្តែងនៅថ្ងៃនេះ តាមរយៈអាជ្ញាធរមូលដ្ឋាន ជនពិការ និងចាស់ជរា ត្រូវបានការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា ដែលមិនទុកឲ្យនរណាម្នាក់ រស់នៅក្នុងភាពលំបាកវេទនា ឬឯការឡើយ។

ជាមួយគ្នានេះលោកបានលើកទឹកចិត្តជនពិការទាំងអស់ ត្រូវមានសង្ឃឹមក្នុងជីវិត និងមានក្តីស្រម៉ៃដូចមនុស្សមានកាយសម្បទាគ្រប់គ្រាន់ ព្រោះជនពិការក៏ជាប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញដូចមនុស្សទូទៅដែរ ហើយមនុស្សទាំងអស់មិនត្រូវមើលងាយជនពិការឡើយ។

លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា ទោះសព្វថ្ងៃនេះ មានប្រជាពលរដ្ឋពិការពិតមែន តែពួកគាត់ពិការតែរូបកាយនោះទេ ចំណែកចិត្តវិញ មិនពិការទេ ដោយពួកគាត់មានសិទ្ធិគ្រប់បែបយ៉ាងនៅក្នុងសង្គម រួមមានសិទ្ធក្នុងការរស់នៅ សិទ្ធក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធដ៏ទៃទៀតជាច្រើនផងដែរ៕