(ភ្នំពេញ)៖ កំណាត់ផ្លូវដែកពីបាត់ដំបង មកដល់ខេត្តពោធិ៍សាត់ប្រវែង ១០៧គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរជាបណ្តោះអាសន្នឡើងវិញហើយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអាកខានអស់រយៈពេល១២ឆ្នាំ។ ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នកំណាត់ផ្លូវដែកពីបាត់ដំបងមកពោធិ៍សាត់នេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវរថភ្លើងពីស្ថានីយបាត់ដំបង មកដល់ខេត្តពោធិ៍សាត់ ប្រវែង ១០៧គីឡូម៉ែត្រនេះ ស្ថិតក្នុងខេត្តបាត់ដំបងប្រវែង ៧៥គីឡូម៉ែត្រ និង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ប្រវែង ៣២គីឡូម៉ែត្រ។ កំណាត់ផ្លូវដែកពីបាត់ដំបង មកដល់ខេត្តពោធិ៍សាត់ មានស្ថានីយត្រូវឆ្លងកាត់ចំនួន ១៦ស្ថានីយ រួមមានស្ថានីយ៖ បាត់ដំបង អូរដំបង អូរស្រឡៅ រាំងកេសី ស្វាយជាតិ ភ្នំធិបតី គោកត្រុំ កោះចារ មោងឬស្សី ព្រៃស្វាយ កាឡោមពុក ស្វាយដូនកែវ បឹងខ្នារ ត្រពាំងជង ស្នាមព្រះ និងពោធិ៍សាត់ ក្នុងនោះខេត្តបាត់ដំបង មាន ១១ស្ថានីយ និងខេត្តពោធិ៍សាត់ មាន ៥ស្ថានីយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ក្នុងពេលកម្ពុជាជួបភ្លើងភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកពីភ្នំពេញ ដល់ក្រុងសិរីសោភណ ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យដំណើរឡើងវិញនៅក្រោយពេលរបបប៉ុលពតត្រូវបានវាយរំលំ តែក៏ត្រូវបានអាកខានទៅវិញនៅឆ្នាំ២០០៦ ព្រោះតែសភាពទ្រុឌទ្រោម។ ដោយឡែកកំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ត្រូវបានអាកខានការធ្វើដំណើតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះដោយសារទម្ងន់គ្រាប់បែកនៅឆ្នាំ១៩៧៣ ហើយក្រោយរបប ប៉ុល ពត ផ្តួលរំលំក៏មិនទាន់បានប្រើប្រាស់ដែរ។
បន្ទាប់ពីភ្លើងសង្គ្រាមបានបិទបញ្ចប់ទាំងស្រុង និងឆ្លើយតបតម្រូវការដឹកជញ្ជូនដ៏ចាំបាច់នាពេលបច្ចុប្បន្ននោះ កំណាត់ផ្លូវដែកនេះត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះកំណាត់ផ្លូវដែកពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត ៤៨គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើការជាផ្លូវការនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង ៦៥គីឡូម៉ែត្រត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។ កំណាត់ផ្លូវពីបាត់ដំបង មកដល់ពោធិ៍សាត់ ប្រវែង ១០៧គីឡូម៉ែត្រ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែកកំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង ខេត្តកំពង់ស្ពឺប្រវែង ១៣៤គីឡូម៉ែត្រ គ្រោងដាក់ដំណើរនៅអំឡុងខែកក្កដា រីឯកំណាត់ផ្លូវដែកពីបាត់ដឹង ដល់រាជធានីភ្នំពេញ ប្រវែង ៣២គីឡូម៉ែត្រ គ្រោងដាក់ដំណើរការចុងឆ្នាំ២០១៨។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល៕