(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត និងអនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យមើលទីតាំងប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា សម្រាប់ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ទីតាំងដែលត្រូវរៀបចំពិធីរុក្ខទិវា ៩កក្កដា សម្រាប់ឆ្នាំ២០១៨នេះ នឹងត្រូវធ្វើឡើង នៅក្នុងស្ថានីយ៍ដាំឈើថ្មរូងលើផ្ទៃដី ៥០ហិកតា ស្ថិតក្នុងភូមិព្រៃកអំបិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំងាយប្រមាណជា១៨ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ការរៀបចំពិធីរុក្ខទិវានេះ តែងតែប្រព្រឹត្តទៅ នៅថ្ងៃទី ៩ ខៃកក្កដា ឆ្នាំ២០១៨ ជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ ស្វែងយល់ពីសារៈប្រយោជន៍នៃរុក្ខជាតិ ក៏ដូចជាស្មារតីរួមគ្នាក្នុងការថែរក្សាបរិស្ថានផងដែរ៕