(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ ជំនាញៗជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះជួបប្រជាពលរដ្ឋ ដល់លំនៅស្ថាន ជាពិសេសបងប្អូនកម្មករ-កម្មការនី នៅតាមបន្ទប់ផ្ទះជួល ចាស់ជរា និងកុមារ ដើម្បីផ្តល់ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។
សូមជម្រាបថា កម្មវិធីគ្រូពេទ្យស្ម័គ្រចិត្តនេះ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាព កម្មករនិយោជិត ព្រោះជាថ្ងៃឈប់សម្រាកពីការងារ។
ថ្លែងក្នុងពិធីសំណេះសំណាលខ្លី មុនដំណើរការព្យាបាលចាប់ផ្តើម លោក ម៉ូវ ម៉ានិត បានសំដែងអំណរគុណដល់ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្សី និងក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (បសស) បានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យជំងឺទូទៅ និងព្យាបាលដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការនីរោងចក្រ បានចំនួន៥០៣នាក់ រួមនឹងការចុះអប់រំសុខភាព តាមបន្ទប់ជួលបានចំនួន៤៣៦នាក់ សរុប ៩៣៩នាក់ ស្ថិតក្នុងទីតាំងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌសែនសុខ ក៏បានបញ្ជាក់ថា កម្មវិធីព្យាបាលដោយឥតគិតថ្លៃនេះ នឹងត្រូវធ្វើឡើងបន្តបន្ទាប់ទៀត តាមបណ្តាសង្កាត់ទាំងអស់ ក្នុងខណ្ឌសែនសុខ៕