(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បានលើកឡើងថា សុខសន្តិភាព នឹងនាំមកនូវការរីកចម្រើនល្អខាងសេដ្ឋកិច្ច ហើយការរីកចម្រើនល្អខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងនាំមកនូវប្រជាធិបតេយ្យដ៏ល្អ។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូប្រមាណ ៧៥០នាក់ មកពីចំនួនឃុំ៩ នៅស្រុកបារាយណ៍ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។
លោកបានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្ដល់ឱកាសឲ្យអ្នកវិនិយោគជាច្រើនចូលមកវិនិយោគនៅកម្ពុជា នាំឲ្យឱកាសការងារជាច្រើនក៏កើតមានឡើងរីកសុះសាយពេញប្រទេស។
លោករដ្ឋមន្ត្រីក៏ដាស់តឿនដល់លោកគ្រូអ្នកគ្រូ សូមកុំភ្លេចឲ្យសោះនូវការរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ក្រោយពីខំប្រឹងប្រែងស្វែងរកយ៉ាងលំបាកពីសម័យឆ្នាំ១៩៧៩ ខណៈលោកបានប្រៀបធៀបពីសភាពការណ៍ពីអតីតកាល និងបច្ចុប្បន្ន ពន្យល់ប្រាប់លោកគ្រូអ្នកគ្រូឲ្យយល់កាន់តែច្បាស់ ដើម្បីកុំឲ្យមានការយល់ច្រឡំតាមការញុះញង់របស់ក្រុមប្រឆាំង ដែលបានឃោសនាបំភ្លៃប្រជាពលរដ្ឋជារឿយៗ។
លោកបានរៀបចំពីសច្ចធម៌ប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ស្វែងរក និងខំប្រឹងការពារសន្តិភាព បង្រួបបង្រួមជាតិ នាំឲ្យមានស្ថិរភាពនយោបាយនៅទូទាំងប្រទេស ប្រគៀកស្មារគ្នាកសាងប្រទេសដ៏កំសត់មួយនេះតាំងពីបាតដៃទទេរ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។
លោកបានពន្យល់ថា ក្នុងជំណើរកសាងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនអាចបំពេញចិត្តមនុស្ស អោយបានគ្រប់គ្នាភ្លាមៗ បានទេ ប៉ុន្តែអ្វីដែលសំខាន់ មុនបង្អស់គឺធ្វើយ៉ាងណារក្សសន្តិភាពជូនបរទេសជាតិ អោយបាន។
លើសពីនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូ និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សទាំងឡាយ ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់គ្នា ពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកសាងលទ្ធិប្រជាធិបតេយ្យ បន្តថែរក្សាសន្តិភាព រក្សាការងារ និងការអភិវឌ្ឍ៕