(កំពង់ចាម)៖ លោក សុខ សូកេន អនុរដ្ឋលេខាធិការ និងប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការបរទេស និងសហប្រតិបត្តិការ (សសយក-កបទ.សអ) បានលើកឡើងថា ការបង្កើតសន្ដិភាពដែលកើតចេញពីការរំដោះ ៧ មករា ១៩៧៩ រួមផ្សំនឹងការរក្សាសន្ដិភាពដោយមានការបោះឆ្នោត ដែលកើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការកសាងសន្ដិភាពតាមរយៈការដាក់ចេញ និងអនុវត្ដយុទ្ធសាស្ដ្រ ឈ្នះ-ឈ្នះ គឺបានកើតចេញពីការខិតខំ និងការលះបង់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោក សុខ សូកេន បានបន្ថែមទៀតថា ដែលកត្ដាទាំងអស់នេះ តម្រូវឲ្យយុវជន ត្រូវមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ដូច្នេះ ការចូលរួមបោះឆ្នោត គឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលជាខ្មែរ ក្នុងការចូលរួមកសាងសន្ដិភាព និងជំរុញការអភិវឌ្ឍជាតិ។
លោក សុខ សូកេន បានថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសលោករួមជាមួយថ្នាក់ដឹកនាំយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សសយក-កបទ.សអ និងសសយក ស្រុកបាធាយ បានចូលរួមពិធីប្រកួតបាល់ទាត់មិត្ដភាពរវាងក្រុមកីឡាករ សសយក-កបទ.សអ ក្រុមបាល់ទាត់យុវជន ស.ស.យ.ក ស្រុកបាធាយ និងក្រុមសមាគមបាល់ទាត់គ្រូបង្រៀនស្រុកបាយ នៅសាកលវិទ្យាល័យអន្ដរជាតិបាធាយ ខេត្តកំពង់ចាម។
កម្មវិធីជួបជុំដែល មានលក្ខណៈមិត្ដភាព សាមគ្គីភាព និងប្រកបដោយភាពស្និទស្នាលរវាងថ្នាក់ដឹកនាំ និងមន្ដ្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ មន្ដ្រីរាជការ ជុំវិញស្រុកបាធាយ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងក្រុមកីឡាករបាល់ទាត់ សរុបចំនួនប្រមាណ៨០០នាក់៕