(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនត្រូវជឿតាមការញុះញង់របស់បុគ្គលមួយចំនួននោះឡើយ។ លោក ម៉ឹង សំផន ថែមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក ម៉ឹង សំផន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខ និងចង់ដឹងពីតម្រូវការរបស់ប្រជាពលដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ប្រធានក្រុមការងារ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យជឿការញុះញង់របស់បុគ្គលមួយចំនួន ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយសមត្ថកិច្ចត្រូវចាត់វិធានការចំពោះបុគ្គលទាំងនោះមកអប់រំផងដែរ។

បន្ថែមលើនេះ លោក ម៉ឹង សំផន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំមួយ ដែលប្រកាន់យកនូវការធ្វើអំពើល្អ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយបានកសាងប្រទេសតាំងពីបាតដៃទទេរ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ដែលគ្មានគណបក្សណាអាចធ្វើបាននោះឡើយ។

ក្នុងឱកាសនោះប្រជាពលរដ្ឋក៏បានបង្ហាញការជឿទុកចិត្តផងដែរចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ ពួកគេបានអះអាងថា ក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានសហការជាមួយអាជ្ញាធរ ចុះតាមភូមិ ឃុំ-សង្កាត់ ធ្វើឲ្យមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ទទួលបានសមិទ្ធិផលជាច្រើន ទាំងផ្លូវចាក់កៅស៊ូ ផ្លូវលំ និងប្រឡាយទឹកខ្វាត់ខ្វែង សាលារៀន មន្ទីពេទ្យ សាលាឃុំ-សង្កាត់។ល៕