(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជួបសំណេះសំណាល ជាមួយមេគ្រួសារបក្ស នៅភូមិពីរី ចំនួន១៤១គ្រួសារបក្ស នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អញ្ជើញចូលរួមក្នុងពិធីនោះផងដែរមានអស់លោក លោកស្រី ជា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាក្រុម ការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ និងឃុំភារីមានជ័យ ប្រធានសាខាបក្សភូមិ និងប្រជាពលរដ្ឋ នៅក្នុងភូមិខាងលើ។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សព្វថ្ងៃយើងកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងបានសុខសន្តិភាព យ៉ាងតិច២០ឆ្នាំហើយ បើគិតពីថ្ងៃ ២៧ ធ្នូ ១៩៩៨មក។ នោះគឺ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា។ ដោយសារយើងមានប្រជាធិបតេយ្យសេរី បានជាយើងរៀបចំការបោះឆ្នោត ៥ឆ្នាំម្តងជាទៀងទាត់។ ច្បាប់មិនហាមឃាត់ចំពោះការមិនទៅបោះឆ្នោតទេ។ តែការបោះឆ្នោតលើកនេះមានលក្ខណៈពិសេស ដោយសារក្រុមឧទ្ទាមក្បត់ ជាតិធ្វើចលនាឃោសនាកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ដូច្នេះប្រជាពលរដ្ឋត្រូវតែយល់ដឹងស៊ីជម្រៅអំពីការមិនទៅបោះឆ្នោត។ អ្នកមិនទៅបោះឆ្នោត អាចនាំឱ្យមានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាមក្បត់ជាតិ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ ហើយបងប្អូនប្រជាពលរដ្ឋបានឆ្លើយព្រមគ្នាថា : ១) ប្រទេសយើងជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស យើងមានការបោះឆ្នោតជាទៀងទាត់៥ឆ្នាំម្តង។ ២) យើងសព្វថ្ងៃជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរជាងមុន។ ៣) បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំប្រទេសទៅមុខទៀត។
បើគណបក្សប្រជាជននៅតែបន្តកាន់អំណាច យើងនឹងធានាបាននូវការអភិវឌ្ឍ ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកម្មករនឹងកាន់តែធូរធារ។ បើនិយាយពីប្រាក់ខែ ប្រទេសយើងស្ថិតក្នុងលំដាប់ទី៥នៅអាស៊ាន។ សម្តេចតេជោដឹកនាំឱ្យប្រជាពលរដ្ឋមានការងារធ្វើ ហើយប្រាក់ខែត្រូវបានដំឡើង និងបន្តឡើងជារៀងរាល់ឆ្នាំ។ ពីឆ្នាំ២០១៨ ដល់២០២៣ ប្រាក់ខែកម្មករនឹងឡើងដល់យ៉ាងតិច១លានរៀល។ បើស្រឡាញ់ និងចង់ថែរក្សាប្រជាធិបតេយ្យសេរីពហុបក្ស ចង់បានស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍយើងត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។
មុននឹងបញ្ចប់ការសំណេះសំណាល លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា បងប្អូនដែលធ្លាប់គាំទ្រគណបក្សផ្សេង គួរពិចារណាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាយើង មានគោលនយោបាយបង្រួបបង្រួមជាតិ នាំឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ ដូច្នេះ យើងត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដាខាងមុខ ដើម្បីសម្តេចតេជោបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងបន្តការអភិវឌ្ឍ៕