(ពោធិ៍សាត់)៖ បុរសវ័យក្មេងម្នាក់បានបើករថយន្ត Lexis RX300 មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកឃឿនរង្វង់មូល ហើយបែកកង់រ៉េទៅបុកពំនូកដីបណ្តាលឲ្យមនុស្សក្នុងរថយន្តរងរបួសស្រាល ២នាក់ ខណៈ៤នាក់ផ្សេងទៀតមានរងគ្រោះថ្នាក់អ្វីនោះឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង ១២៖២៥នាទីរំលងអាធ្រាត្រឈានថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសាងសង់រង្វង់មូល តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិ លេខ៥៥ ផ្លូវចូលបូជនីយដ្ឋានឧកញ៉ាឃ្លាំងមឿង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពីមន្ត្រីនគរបាលស្រុកបាកាន បានឲ្យដឹងថា រថយន្តបង្កម៉ាក Lexis RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2644 ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ បើកបរដោយឈ្មោះ ប៉ី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្រុងកំពង់ចាម រួមដំណើរមានគ្នា ៦នាក់ ចិន ៤នាក់ ខ្មែរ ២នាក់។
មន្ត្រីនគរបាលដដែល បានបន្តទៀតថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុត្រង់រង្វង់មូលចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវលេខ៥៥ ដោយសារទីនេះជាការដ្ឋានហើយមិនមានការដាក់គំនូសសញ្ញាចរាចរណ៍ ឬចំណាំងផ្លាតសម្គាល់ការដ្ឋានឲ្យបានត្រឹមត្រូវនោះ ទើបធ្វើឲ្យអ្នកបើកបររថយន្តមើលសូវឃើញ ក៏ជ្រុលបុកខឿនរង្វង់មូលបែកកង់ ៤គ្រាប់ រួចក៏ជ្រុលទៅបុកពំនូកដីបណ្តាលឲ្យមនុស្ស ២នាក់រងរបួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ដោយឡែករថយន្តត្រូវបានស្ទូចទៅរក្សាទុក នៅការិយាល័យចរាចណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ៕